តាមការស្ទង់មតិរបស់បណ្តាញព័ត៌មានរ៉យទ័រ បានបង្ហាញឲ្យឃើញថា ឱកាសដែលោកស្រីគ្លីនតុន ទទួលបានជ័យជម្នះមានរហូតដល់ទៅ ៩៥ភាគរយ គឺជាចំនួនយ៉ាងច្រើនដែលជាក្តីសង្ឃឹមរបស់លោកស្រីក្រោយបរាជ័យកាលពី៨ឆ្នាំមុន។
តាមការស្ទង់មតិលោកស្រីគ្លីនតុន នាំមុខលោកត្រាំ៦ពិន្ទុ ហើយនៅក្នុងរដ្ឋធំៗចំនួន១៩ដែលមានពលរដ្ឋច្រើនជាងគេបានគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន។
ចំណែកបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បញ្ជាក់ថា នៅក្នុងការបោះឆ្នោតខាងមុខលោកអាចនឹងបរាជ័យក្រោមស្នាដៃលោកស្រី ហ៊ីលឡារី គ្លីនតុន ។ លោក ដូណាល់ ត្រាំ បញ្ជាក់ថា “ខ្ញុំជាមនុស្សនិយាយត្រង់ ហើយអ្វីដែលខ្ញុំបាន ធ្វើនិងនិយាយគឺជាការពិត ហើយប្រសិនបើ ក្នុងរយៈពេល ៩០ថ្ងៃទៀតខ្ញុំបរាជ័យដោយសារតែសម្តីពិតនៅក្នុងឆាកនយោបាយនោះ ខ្ញុំនឹងវិលត្រឡប់ទៅរស់នៅជីវិតដូចដើមវិញ មិនមានអ្វីខុសប្រក្រតីឡើយ”។
លោក ត្រាំ បញ្ជាក់ទៀតថា “ទាំងនោះមិនមែនជាអ្វីដែលខ្ញុំចង់បានឡើយ។ ខ្ញុំគិតថា ខ្ញុំនឹងទទួលបានជ័យជម្នះជាមួយអ្វីដែលខ្ញុំបានធ្វើនាពេលនេះ បើផ្ទុយទៅវិញខ្ញុំនឹងត្រៀមពេលវេលាសម្រាប់ការសម្រាកកាយយូរអង្វែង”។
និយាយអំពីការព្រួយបារម្ភរបស់ខ្លួននៅក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខវិញលោក ត្រាំ នៅតែមានក្តីសង្ឃឹមជានិច្ច។ នៅក្នុងការស្ទង់មតិរបស់បណ្តាញព័ត៌មាន NBC និង Wall Street Journal បង្ហាញឲ្យឃើញថា លោកស្រី ហ៊ីលឡារី គ្លីនតុន នាំមុខលោក ត្រាំ តែ៧ទៅ១១ភាគរយប៉ុណ្ណោះសម្រាប់ពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនោះជាមួយនឹងសម្តីបង្កឲ្យមាន វិវាទ លោក ត្រាំ បានធ្វើឲ្យអ្នកនយោបាយឆ្នើមៗរបស់គណបក្សសាធារណរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់នាពេលអនាគតដល់គណបក្សអាចធ្វើឲ្យពលរដ្ឋអាមេរិកបាត់ជំនឿទៅលើគណបក្សសាធារណរដ្ឋនាពេលខាងមុខ។
កាលពីថ្ងៃទី១០ ខែសីហា លោក ត្រាំ បានចោទប្រកាន់ប្រធានាធិបតី អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ជាអ្នកបង្កើតក្រុម IS ។ លោក ត្រាំ ធ្លាប់បានប្រកាសថា IS បានគោរពប្រធានាធិបតី អូបាម៉ា ដែលជាអ្នកបានបង្កើតក្រុមនេះ ឡើង ហើយខ្ញុំអាចនឹងនិយាយបានថា លោក ស្រី គ្លីនតុន ក៏ជាអ្នករួមគំនិតបង្កើតក្រុម ភេរវកម្មនេះឡើងផងដែរ។
ឆ្លើយតបទៅនឹងសកម្មភាពរបស់លោក ដូណាល់ ត្រាំ លោកស្រី ហ៊ីលឡារី គ្លីនតុន បញ្ជាក់ថា បុគ្គលណាមួយក្តីបើធ្វើរឿង អាក្រក់មិនអាចក្លាយជាប្រធានាធិបតីអាមរិកបានទេ។ លោកស្រីបញ្ជាក់ថា វាមិនមែនជាការពិតឡើយ ដែលថាប្រធានាធិបតី អូបាម៉ា បង្កើតក្រុមIS ប្រធានាធិបតីអាមេរិកមិនអាចធ្វើរឿងអាក្រក់បែបនេះទេ។
ក្រៅពីការចោទប្រកាន់លោកស្រី ហ៊ីលឡារី គ្លីនតុន ជាអ្នករួមគំនិតបង្កើតក្រុមISលោក ត្រាំ ក៏បាននិយាយគំរាមកំហែង ដល់លោកស្រី ហ៊ីលឡារី គ្លីនតុន ថាលោក ស្រីអាចនឹងរងការធ្វើឃាតពីក្រុមអ្នកគាំទ្រឲ្យប្រើប្រាស់កាំភ្លើងនៅអាមេរិក។ ការ ប្រកាសនោះមិនខុសអ្វីពីការជំរុញឲ្យក្រុមជនល្មើសដែលពេញចិត្តនឹងការប្រើប្រាស់កាំភ្លើងឲ្យបាញ់សម្លាប់លោកស្រីឡើយ។
បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បានថ្កោលទោសយ៉ាងខ្លាំងក្លាដល់គូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ថា បានដើរហួសព្រំដែននៅពេលដែលលោកនិយាយជំរុញឲ្យមានអំពើហិង្សាកើតឡើងសំដៅមកលើលោកស្រី។
កាលពីថ្ងៃទី១០ ខែសីហា លោកស្រី ហ៊ីលឡារី គ្លីនតុន បានបញ្ជាក់នៅក្នុងពេល និយាយទៅកាន់អ្នកគាំទ្រលោកស្រីក្នុងទីក្រុង Des Moines រដ្ឋ Iowa ថា «កាលពីពេល កន្លងទៅថ្មីៗនេះយើងបានឮសម្តីនិយាយខ្វះ ស្មារតីទទួលខុសត្រូវរបស់លោក ត្រាំ ហើយ ការនិយាយនោះគឺដើរហួសព្រំដែន »។ លោកស្រីបញ្ជាក់ទៀតថា សម្តីរបស់បេក្ខភាពប្រធានាធិបតីឬក៏ក្លាយជាប្រធានាធិបតី សម្តីទាំងនោះនឹងនាំមកនូវផលអាក្រក់ សម្រាប់សង្គមជាតិ។
នៅមុននេះមួយថ្ងៃលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ក្រុមអ្នកគាំទ្រឲ្យប្រើប្រាស់កាំភ្លើងនៅអាមេរិកអាចនឹងធ្វើឃាតលោកស្រី ហ៊ីលឡារី គ្លីនតុន ប្រសិនបើលោកស្រីជំរុញឲ្យអនុម័តច្បាប់ហាមប្រាមប្រើប្រាស់កំាភ្លើងនៅអាមេរិកនោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី