ឯកអគ្គរដ្ឋទូតចិន៖​ សមយុទ្ធ “នាគមាស២០២៥” បានបង្កើនសមត្ថភាព និងកម្រិតប្រយុទ្ធរួមគ្នារបស់យោធាកម្ពុជា-ចិន​ ដល់ចំណុចថ្មីមួយទៀត និងបានបោះជំហានថ្មីក្នុងប្រវត្តិសាស្រ្ត

ចែករំលែក៖

ភ្នំពេញ​៖​ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅយប់ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៥នេះថា៖ កាលពីថ្ងៃទី២៨ ខែឧសភា ការហាត់សមបាញ់គ្រាប់ពិតផ្លូវគោកនិងអាកាស និងពិធីបិទសមយុទ្ធ”នាគមាស២០២៥”រវាងចិន-កម្ពុជា ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងខេត្តកំពង់ឆ្នាំង។

លោកឯកអគ្គរដ្ឋទូត​ចិន​ បានគូសបញ្ជាក់ថា​ សមយុទ្ធរួមគ្នានេះ បានបង្កើនសមត្ថភាពបញ្ជាការរួមនិងសកម្មភាពរួមគ្នារបស់យោធាចិននិងកម្ពុជា ព្រមទាំងបានលើកកម្ពស់កម្រិតរួមនិងកម្រិតប្រយុទ្ធជាក់ស្តែងរបស់យោធាទាំងពីរដល់ចំណុចថ្មីមួយទៀត និងបានបោះជំហានថ្មីក្នុងប្រវត្តិសាស្រ្ត។

សូមជម្រាបថា​ សមយុទ្ធនាគមាស ឆ្នាំ២០២៥ ត្រូវបានប្រារព្ធពិធីបិទជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ លោកឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាសក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» សមយុទ្ធនាគមាសលើកនេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ 

 

ថ្លែងក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៥ លោកឧត្តមនាវីឯក វួយ វិន ហួយ មេបញ្ជាការរង តំបន់យុទ្ធភូមិភាគខាត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានមានប្រសាសន៍បានមានប្រសាសន៍ថា បើទោះបីជាទិដ្ឋភាពអន្តរជាតិ កំពុងប្រឈមឥតឈប់ឈរ តែកម្ពុជានិងចិននៅតែបន្តរួមសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការ ជានិច្ចកាល ដោយប្រកាន់ខ្ជាប់នូវគោលជំហរប្រវត្ថិសាស្ត្រត្រឹមត្រូវ និងការរីកចម្រើន ការអភិវឌ្ឍមនុស្សជាតិ ដើម្បីរួមគ្នា ប្រឈមមុខនឹងបញ្ហា និងហានិភ័យ ហើយចូលរួមបន្ធូរ ស្ថានភាពពិភពលោក តាមរយៈការអនុវត្តដំណោះស្រាយ ដោយសន្តិវិធី។

 

ជាការឆ្លើយតបនឹងការលើកឡើងនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជាបានមានប្រសាសន៍ នាពេលនោះដែរថា សមយុទ្ធនេះបានធ្វើឡើង ក្នុងបរិបទដែលពិភពលោកបាននិងកំពុងបន្តប្រឈមនូវការផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ប្រកបដោយភាពស្មុគស្មាញនិងពិបាកប៉ាន់ស្មាន។ ទោះប្រឈមនឹងសភាពការណ៍បែបនេះ ក៏ដោយ កងទ័ពប្រទេសទាំងពីរបានជំនះគ្រប់ឧបសគ្គ គ្រប់ការលំបាក រួមចិត្តតែមួយ ប្រកៀស្មាគ្នា ធ្វើការងារជាមួយគ្នា រហូតសម្រេចបានជោគជ័យ តាមផែនការគ្រោងទុក។

 

«មួយវិញទៀត តាមរយៈសមយុទ្ធរវាងកងទ័ពទាំងពីរ បានបន្សល់ទុកនូវមិត្តភាព និម្មិតសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្ថិសាស្ត្រយោធា កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេស និងកងទ័ពប្រជាជាតិទាំងពីរ សម្រាប់នាយទាហានបន្តវេន សិក្សា រៀនសូត្រ នាពេលអនាគត»

 

លោកបន្តថា ​សមយុទ្ធនាគមាស ឆ្នាំ២០២៥ បានបង្ហាញថា កងទ័ពប្រទេសយើងទាំងពីរបានសហការគ្នា ប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងមានសាមគ្គីភាពយ៉ាងល្អ ក្នុងភាពជាដៃគូ សម្រាប់ឆ្លើយតបនឹងការគំរាមគំហែង សន្តិសុខគ្រប់បែបយ៉ាង ទាំងនៅលើគោក និងលើសមុទ្រ រួមចំណែកធ្វើឲ្យផលប្រយោជន៍ ជាតិនិងប្រជាជនទាំងពីរ ត្រូវបានធានាយ៉ាងរឹងមាំ ក៏ដូចជា រួមវិភាគទានដល់ការការពារសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

 

«សមយុទ្ធ នៅពេលនេះ បានរៀបចំ ទាំងនៅបញ្ជាការ និងអនុវត្តជាក់ស្តែង នៅលើទីលាន នៅលើគោក និងអាកាស និងលើសមុទ្រ និងអាកាស ប្រើប្រាស់ យុទ្ធោបករណ៍​ និងយុទ្ធបរិក្ខា ដែលមានបច្ចេកវិទ្យាទំនើប… សំដៅលើកកម្ពស់សមត្ថភាពកងទ័ពជើងគោក ជើងទឹក និងកងទ័ពជំនាញពាក់ព័ន្ធ បានរៀនសូត្រ ដកបទពិសោធន៍ លើជំនាញប្រតិបត្តិការប្រឆាំងភេរវកម្ម រួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ មានន័យថា ជាការពង្រឹងសាមគ្គីភាពកាន់តែជិតស្និតថែមទៀត ដើម្បីត្រៀមខ្លួនរួមចំណែកក្នុងការថែរក្សាសន្តិសុខ និងសន្តិភាព ក្នុងតំបន់ និងសកលលោក»​

 គួរបញ្ជាក់ថា សមយុទ្ធនាគមាស ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ត្រូវបានប្រារព្ធពិធីបិទជាផ្លូវការ ប្រកបដោយជោគជ័យ ជាទីមោទនៈ បន្ទាប់ពីចំណាយពេលហ្វិកហាត់រួមគ្នា ជិតកន្លះខែ កន្លងមកនេះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print