ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន ក្រុមគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណភាពក្នុងហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់សម្ដេចតេជោ បានថ្លែងថា លោក លោកស្រី ក្រុមគ្រួសារយោធិន សួនរ៉ោន ជាទីរាប់អាន! ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក នៅពេលបានទទួលដំណឹងថា លោកព្រិន្ទបាលឯក សួនរ៉ោន បានទទួលមរណភាពក្នុងហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និង កម្ពុជា នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសពយោធិន សួនរ៉ោន ចំពោះការបាត់បង់ប្តី កូនប្រុសបង្កើត កូនប្រសារ ឪពុក និងបងប្អូន ជាទីគោរពស្រឡាញ់ ដែលបានផ្តល់នូវគុណតម្លៃដ៏ប្រពៃសម្រាប់គ្រួសារ ប្រកបដោយការទទួលខុសត្រូវ ខ្ពស់។ ព្រមជាមួយនេះផងដែរ ខ្ញុំ និងភរិយា ក៏សូមអរគុណដោយស្មោះសរ ចំពោះភាពអង់អាចក្លាហាន ការលះបង់ និងពលីដោយស្មារតីស្នេហាជាតិ មាតុភូមិ បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន កម្ពុជា របស់លោកព្រិន្ទបាលឯក សួនរ៉ោន រហូតដល់ថ្ងៃអវសាននៃជីវិត។
ខ្ញុំ និងភរិយា សូមឧទ្ទិសកុសល និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក សួនរ៉ោន ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោក លោកស្រី ក្រុមគ្រួសារយោធិន សួនរ៉ោន ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ និង ភរិយា៕ដោយ៖សិលា