ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសាររំលែកទុក្ខជូនក្រុមគ្រួសារនៃសពព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងព្រះរាជសារ ព្រះអង្គមានព្រះរាជបន្ទូលថា «ខ្ញុំមានហឫទ័យសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងអំពីលោកព្រឹន្ទបាលឯក សួន រ៉ោន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅព្រំដែនតំបន់មុំបី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោកព្រឹន្ទបាលឯក សួន រ៉ោន ដែលជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ ហើយបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ»។

ព្រះមានព្រះរាជបន្ទូលទៀតថា «សូមឱ្យវិញ្ញាណក្ខន្ធលោកព្រឹន្ទបាលឯក សួន រ៉ោន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោក លោកស្រី ក្រុមគ្រួសារនៃសពទទួលនូវការរាប់អានអំពីខ្ញុំ»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print