ខេត្តពោធិ៍សាត់ ៖ លោក សេង សុងលី នាយខណ្ឌរដ្ឋបាលជលផលស្ដីទី នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវ៉ាត ចុះសហការកម្លាំងព័ន្ធ ចេញល្បាតត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល)ខណៈទឹកបឹងទន្លេសាប(កំពង់លួង)ហក់ឡើង ។
លោក នាយខណ្ឌរដ្ឋជលផលស្ដីទី ឲ្យដឹងថា ករណីកម្លាំងសហការចុះពិនិត្យ ទប់ស្កាត់ នឹងបង្រ្កាបឧបករណ៍ចាប់ត្រីខាងលើ ធ្វើឡើងនៅថ្ងៃអង្គារ ៨កើត ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក បញ្ជាក់ទៀតថា លទ្ធផល បង្រ្កាប ១ករណី(របាំងសាច់អួនខុសប្រវែង និងក្រឡា)ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ ដែលជាវត្ថុតាង ចំនួន០៣ខ្សែ ស្មើនឹងប្រវែង៧៥០ម៉ែត្ត លូកងសាច់អួនចំនួន០៤មាត់ បង្គោលចម្រឹងចំនួន៦០ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ(បឹងទន្លេសាប)វិញទម្ងន់០៥គីឡូក្រាម ។
លោក បញ្ជាក់បន្ថែមទៀតថា រដូវនេះជារដូវបិទនេសាទ ដើម្បីឲ្យត្រីពងកូន ដូច្នេះ ទិសដៅបន្ត មន្ត្រីជំនាញ និងក្រុមងារសហការ ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបឲ្យដូចភ្លៀងរលឹង ខណៈទឹកទន្លេកំពុងហក់ឡើង កម្ពស់ទឹក នៅស្ថានីយជលសាស្រ្ត កំពង់លួង០.៨៧ម៉ែត្រ ៕
ដោយៈ ប៉ឹម ពិន