ខេត្តកំពត ៖ ដល់ថ្នាក់អភិបាលរងស្រុកជុំគិរី អ្នកច្បាប់បែជាអង្គុយលើច្បាប់ ហើយមន្ត្រីអត្រានុកូលដ្ឋានណាចេញច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ ទាំងមិនទាន់លែងលះប្រពន្ធដើម ? ទីបំផុត ! រដ្ឋបាលខេត្តកំពត នឹងស្នើទៅក្រសួងមហាផ្ទៃដាក់វិន័យលើអភិបាលរងស្រុកជុំគិរី ដែលទៅរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះដាច់ស្រេច។
សូមបញ្ជាក់ថា ៖ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃបន្ទាប់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ផ្សព្វផ្សាយថា «អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស៊្រុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ។»។
ជុំវិញករណីនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី០៣ ខែមិថុនា រដ្ឋបាលខេត្តកំពត ចាត់ទុក ថាអភិបាលរងស្រុកជុំគិរី ហេង ងួនស៊្រុន បានប្រព្រឹត្តអំពើធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសផ្ទាល់ខ្លួនផង និងអង្គភាពផង។
រដ្ឋបាលខេត្តកំពត អះអាងថា មិនគាំទ្រដាច់ខាតចំពោះករណីនេះ ដែលមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្តកំពត អះអាងថា នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត ដូច្នេះរដ្ឋបាលខេត្តកំពត នឹងស្នើទៅក្រសួងមហាផ្ទៃដាក់វិន័យលើអភិបាលរងស្រុកជុំគិរី ដែលទៅរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះដាច់ស្រេច៕
ដោយ ៖ សិលា