ភ្នំពេញ៖ បុរសម្នាក់ទំនងជាមិនទាន់ស្វាងស្រវឹងនៅពេលយប់ លុះដល់ព្រឹកឡើងក៏ជិះម៉ូតូរ៉េពេញផ្លូវជ្រុលទៅបុករថយន្តដឹកថ្មចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបែកកក្បាលនឹងថ្នល់សន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ធ្ងរ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិព្រៃស ខាងកើតសង្កាត់ព្រៃស ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះរូបនេះបានជិះម៉ូតូម្នាក់ឯងម៉ាកសង់សេរីចាស់ពណ៌ព្រីងទំ ពាក់ស្លាកលេខ ជ.៧៤៩១.ភព.១ ហើយជិះរ៉េពេញផ្លូវ ពេលនោះក៏មានប្រជាពលរដ្ឋក៏ដូចជាអ្នកកំពុងធ្វើដំណើរបានយកទូរស័ព្ទថតពីសកម្មភាពរបស់គាត់បើកម៉ូតូរហូតដល់ចំណុចកើតហេតុជាក់ស្ដែង ខណៈគាត់ជិះម៉ូតូទៅមុកចំពីមុខរថយន្តដឹកថ្មម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ 3A-7083 យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹងនៅនិងកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី ។ ន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖ជីម ភារ៉ា ដង្កោ
...