ភ្នំពេញ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះ តារាសម្តែងស្រីល្បីឈ្មោះទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរទេវី បានធ្វើដំណើរចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការសម្ដែងនិងសាកសួរសុខទុក្ខក្រុមគ្រួសាររបស់គាត់ ក្នុងរយៈពេលជាងកន្លះខែកន្លងមកនេះ។
នៅក្នុងការធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិក របស់តារាស្រី អ្នកនាង អម្ពរទេវី នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នេះផងដែរយើងពុំឃើញមានវត្តមានសិល្បៈករ និងផលិតករចូលរួមជូនដំណើរនោះទេ ជាពិសេសគឺឃើញមានអតីតស្វាមីរបស់អ្នកស្រីគឺ លោក ពេជ្រ ភិរុណ និងកូនៗរបស់គាត់ផងដែរ។
តារាសម្តែងអ្នកនាង អម្ពរ ទេវី បានមកកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ដើម្បីមកសាកសួរសុខទុក្ខអតីតស្វាមី ពិសេសនាងសម្រេចចិត្តថតខ្សែភាពយន្តខ្នាតធំរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា។ តាមគម្រោងអ្នកស្រីបានបញ្ចប់ការថតនៅថ្ងៃទី២៥ ខែសីហា ហើយវាអាចនឹងក្លាយជាស្នាដៃចុងក្រោយរបស់អ្នកស្រីក្នុងអាជីពសិល្បៈ។
រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលជាខ្សែភាពយន្តខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មថោន ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា បានប្រកាសចេញថតកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងមក។ តារាសម្តែង៤ជំនាន់ផ្សេងគ្នាដែលនឹងសម្តែងរូមគ្នាក្នុងខ្សែភាពយន្តនេះ មានដូចជាសិល្បករល្បីជំនាន់ទស្សវត្សរ៍ទី៦០ អ្នកស្រី ឌី សាវ៉េត តារាសម្តែងទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរទេវី លោក ទេព រិនដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០ អ្នកនាង ស៊ឹម សូលីកា និងអ្នកនាង ស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះក្នុងពេលបច្ចុប្បន្ន គឺអ្នកនាង សុខ សោម៉ាវត្តី កញ្ញា ឌុច លីដា លោក យិតមាស ឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀតនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «ទឹកចិត្តម្តាយសម័យថ្មី» ។
គួរបញ្ជាក់ដែរថា អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បានបាត់មុខពីការសម្តែងអស់រយៈពេលជាង១ទស្សវត្សរ៍មកហើយ ។ គេនៅចាំបានថា វត្តមានតារាសម្តែង អម្ពរ ទេវី បានធ្វើឲ្យអ្នកទស្សនាចាំមិនភ្លេចព្រោះតែនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងវិស័យសម្តែងភាពយន្ត។
បច្ចុប្បន្នអ្នកនាង អម្ពរ ទេវី កំពុងរស់នៅទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះ ភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាង អម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល» ជាដើម៕
ដោយ៖ វឌ្ឍនា