ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋជិត១០០គ្រួសារដែលរស់នៅក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ នាំគ្នាផ្តិតមេដៃសំណូមពរដល់អាជ្ញាធរជួយរកដំណោះស្រាយបញ្ហាបឹងធម្មជាតិមួយកន្លែងជាសម្បត្តិរួម ហើយត្រូវបានអ្នកមានលុយម្នាក់ទាមទារយកធ្វើជាកម្មសិទ្ធឯកជន។
ក្រុមប្រជាពលរដ្ឋលើកឡើងថា បឹងមួយកន្លែងដែលត្រូវបានអ្នកមានលុយម្នាក់កំពុងទាមទារយកធ្វើជាកម្មសិទ្ធ មានឈ្មោះថា បឹងតាអឿ ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបឹងមួយនេះពួកគាត់បានឃើញមានតាំងពីជំនាន់បារាំងមកម្ល៉េះ តែពេលនេះត្រូវបានអ្នកមានលុយកំពុងទាមទារយកធ្វើជាកម្មសិទ្ធឯកជន ខណៈពួកជិត១០០គ្រួសារ ទទួលការអុុញ្ញាតិស្តាបឹងយកទឹកប្រើប្រាស់នោះ។
ពលរដ្ឋបន្តទៀតថា កាលពីមន្ត្រីជំនាញភូមិបាលចុះទៅរៀបចំធ្វើប្លង់ដីកម្មសិទ្ធ បានបិទលិខិតរយៈពេល២ខែដើម្បីឲ្យម្ចាស់ឡើងមកតវ៉ា ប៉ុន្តែមិនមានបុគ្គលណាម្នាក់មកតវ៉ានោះទេ ទើបខាងមន្ត្រីភូមិបាលចេញជាប្លង់កម្មសិទ្ធជូនដល់ពលរដ្ឋដែលមានដីកម្មសិទ្ធិ ជុំវិញបឹងតាអឿ ខាងលើនោះ។ ចំណែកដីតួបឹងទំហំ ៩.៣៤៧ម៉ែត្រក្រឡាទុកជាសម្បត្តិរដ្ឋ។
ពលរដ្ឋលើកឡើងបន្តថា មួយរយៈពេលក្រោយមកពលរដ្ឋបាននាំគ្នាុុសុំច្បាប់ទៅអាជ្ញាធរគ្រប់ថ្នាក់ចាប់ពីស្រុករហូតដល់ខេត្ត ដើម្បីកាយស្តាបឹងយកទឹកទុកប្រើប្រាស់នារដូវប្រាំង នៅពេលចាប់ផ្តើមធ្វើការស្តារបឹងខាងលើបានប្រហែល ៧០ភាគរយ ក៏ស្រាប់តែមានបុគ្គលម្នាក់ជាអ្នកមានលុយមកអះអាងថាជាដីរបស់ខ្លួន។
ក្រោយមកក៏កើតមានរឿងទំនាស់ក្តីក្តាំជាប់ជារឿងទំនាស់រ៉ាំរ៉ៃ រហូតមកឈានទៅដល់ឡើងកាត់ក្តីដល់តុលាការ ក៏នៅតែរកដំណោះស្រាយមិនចេញទៀត។ ខាងប្រជាពលរដ្ឋគាត់អះអាងថា ពួកគាត់មានឯកសារគ្រប់គ្រន់ ដែលមន្ត្រីពាក់ព័ន្ធ រហូតដល់អភិបាលរងខេត្តចុះហត្ថលេខាទទួលស្គាល់ថា បឹងខាងលើជាសម្បត្តិរួម ដោយឡែកភាគីបង្ករទំនាស់វិញ គ្មានឯកសារអ្វីមកសំអាងទេ គឺមានតែប្រើទឹកប្រាក់មកទិញឆន្ទៈមន្ត្រីៗ និងអាជ្ញាធរ គ្រប់ថ្នាក់នោះ ទើបបញ្ហានេះដោះស្រាយមិនចេញនៅត្រឹមថ្នាក់ខេត្ត ព្រោះថ្នាក់ដឹកនាំនៅស្រុក និងខេត្ត បានត្រឹមតែសន្យា។
ពាក់ព័ន្ធបញ្ហានេះដែរ លោក សំ ណេត មេឃុំកំពង់ព្រៀង បានឲ្យដឹងនៅព្រឹកនេះថា រឿងនិងលោកកំពុងធ្វើការដោះស្រាយហើយ។
ចំណែក លោក គីម វណ្ណៈ អភិបាលស្រុកសង្កែលោកបានប្រាប់ថា កំពុងធ្វើការជាមួយភាគីទាំងសងខាងមួយចំនួនហើយតែនៅកំពុងធ្វើការជាមួយមន្ទីរជំនាញ ពីព្រោះបញ្ហាដីធ្លីគឺវាទាក់ទងទៅនិងមន្ទីរជំនាញដើម្បីប្រមូលយកឯកសារធ្វើការផ្ទៀងផ្ទាត់គ្នា។
លោកបន្តថា រយៈពេលកន្លងមក លោកអភិបាលស្រុកមុខបានធ្វើមួយជំហ៊ានហើយ ប៉ុន្តែគាត់មិនបានធ្វើតាមយនការគណៈកម្មការភូមិបាលស្រុកនោះទេ តែពេលនេះលោកធ្វើការតាមយនការដែលមានការនែរនាំច្បាស់លាស់ពីក្រសួងរៀបចំដែនដី ហើយលោកទើបនិងចាប់ផ្ដើមរៀបចំធ្វើឡើងវិញ ហើយនិងលើកយកមកប្រជុំរៀបចំនៅសប្ដាហ៍ក្រោយ។
ប្រជាពលរដ្ឋក៏សំណូមពរសុំឲ្យថ្នាក់ដឹកនាំពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តជួយដោះស្រាយបញ្ហានេះផង ដើម្បីអាចឲ្យពួកគាត់មានសិទ្ធិស្តាបឹងនេះដើម្បីយកទឹកប្រើប្រាស់ និងរក្សារបឹងខាងលើជាសម្បត្តិរួមតរៀងទៅ៕
ដោយ៖ សហការី