នាយឧត្ដមសេនីយ៍ ស សុខា​ ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ

ចែករំលែក៖

ភ្នំពេញ​៖​ នាយឧត្ដមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានមានប្រសាសន៍កាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញ​នេះ បានឱ្យអភិបាលនៅតាមបណ្ដាខេត្ត​ ដែលជាប់ព្រំដែនត្រៀមជម្លៀសពលករដែលវិលចូលប្រទេសវិញ និងពលរដ្ឋរស់នៅតាមព្រំដែនប្រឈម ក្នុងករណីកម្ពុជា និងថៃផ្ទុះអាវុធជាយថាហេតុ ឬការបិទទ្វារព្រំដែន និងរៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី ជូនជនភៀសសឹកស្នាក់នៅ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ឱ្យអភិបាលខេត្តជាប់ព្រំដែនហាមឃាត់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់-ហេតុ ឬឯកសារនានាជាមួយភាគីថៃ រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះ​ លោកឧបនាយករដ្ឋមន្ត្រី​ ប្រាប់ឱ្យអភិបាលខេត្តត្រូវការពារប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុងទឹកដីថៃ និងណែនាំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋកុំ ឱ្យឆ្លងដែនចូលទៅថៃជាបណ្តោះអាសន្ន ប្រសិនបើមគ្មានការចាំបាច់ទេ និងត្រូវត្រៀមវិធានការគ្រប់គ្រងស្ថានភាពអាសន្នដែលអាចកើតឡើងជាយថាហេតុ និង សហការឱ្យជាប់ជាមួយកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិពលរដ្ឋថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បូរណភាពទឹកដី សុវត្ថិភាព និងត្រូវឱ្យសមត្ថកិច្ចថ្នាក់ក្រោមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង តាមដាន រាយការណ៍ និងគ្រប់គ្រងសភាពការណ៍ព្រំដែនក្នុងជាប្រចាំ។

លោករដ្ឋមន្ត្រី​ ក៏ឱ្យអភិបាលខេត្ត ពិភាក្សាជាមួយអាជ្ញាធរខេត្តនិងសមត្ថកិច្ចថៃ គ្រប់គ្រងការឆ្លងកាត់ព្រំដែនតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ផ្លូវការ តាមស្ថានភាពជាក់ស្តែងរបស់ខេត្តនីមួយៗ និងតាមដានស្ថានការណ៍វិវត្តតាមច្រកទ្វារព្រំដែនឱ្យជាប់ និងត្រូវណែនាំសមត្ថកិច្ចទប់ស្កាត់ និងហាមដាច់ខាតមិនឱ្យមានការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀង ឬច្រកទ្វារពុំផ្លូវការ ដោយត្រូវមានវិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើស។

បន្ថែមពីនេះ​ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឱ្យអភិបាលខេត្ត ណែនាំដល់សមត្ថកិច្ចកម្ពុជានៅតាមព្រំដែនបន្តតាមដាន ទប់ស្កាត់ឱ្យទាន់ពេល និងកត់ត្រាឱ្យច្បាស់រាល់ទង្វើឯកតោភាគីរបស់ថៃ ដែលនាំឱ្យប្រែប្រួលបរិស្ថានតំបន់ព្រំដែន បំពានមាត្រា៥ នៃ អនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិង ខណ្ឌព្រំសីមាព្រំដែនគោក ដោយអនុវត្តតាមនីតិវិធីកំណត់ក្នុងចំណុច៧ នៃលិខិតលេខ ៣៥៩៩ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

យ៉ាងណា​ឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ ប្រាប់ឱ្យកងកម្លាំង សមត្ថកិច្ចតាមព្រំដែនរក្សាទំនាក់ទំនងជាមួយ កងកម្លាំងនៃភាគីថៃ ក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់បំផុតជៀសវាងប្រើប្រាស់អាវុធ។ ចំពោះបញ្ហាដែលហួសពីសមត្ថភាពខ្លួន ត្រូវសុំ គោលការណ៍សម្រេចពីថ្នាក់ជាតិ ដើម្បីមានវិធានការដោះស្រាយទាន់ពេល។

លោកឧបនាយករដ្ឋមន្ត្រី​ ស សុខា ក៏ឱ្យបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិន ពិត ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈ ញុះញង់ បំបាក់ទឹកចិត្តកងទ័ពនិងនគរបាលការពារព្រំដែន បញ្ឆេះកំហឹង និងអរិភាពរវាង ប្រជាជាតិទាំងពីរ ដែលបើកដៃឱ្យក្រុមជ្រុលនិយមបំភ្លៃសាធារណមតិ និងបំផ្លិចបំផ្លាញ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែននិង អធិបតេយ្យដ៏មានសារៈសំខាន់នេះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print