ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេសសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង ៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវា និងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រលប់មកកម្ពុជាវិញ។ នេះបើតាមរយៈសារសំឡេងពិសេសសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានប្រគល់ភារកិច្ចដល់រដ្ឋមន្រ្ដីក្រសួងការបរទេស និងរដ្ឋមន្រ្ដីក្រសួងការងារ ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលចង់វិលត្រលប់ពីប្រទេសថៃ ក្នុងនោះមានពលរដ្ឋខ្លះបញ្ហាលើឯកសារមួយចំនួន ដូច្នេះរដ្ឋមន្រ្ដីក្រសួងការបរទេសត្រូវឱ្យគោលការទៅស្ថានទូតកម្ពុជានៅថៃក៏ដូចជាកុងស៊ុលរបស់កម្ពុជានៅខេត្តស្រះកែវ និងបណ្ដាទីតាំងផ្សេងទៀត ធ្វើយ៉ាងណាសម្រួលឯកសារឱ្យប្រជាពលរដ្ឋដើម្បីពួកគាត់បានត្រលប់មកកម្ពុជាវិញ ។
កន្លងទៅសម្តេចធិបតីមានប្រសាសន៍ថា ៖ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ៖
ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងការថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។
ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មរាប់ម៉ឺននាក់។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។
សម្តេចធិបតីបន្យថា ៖ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។
ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង ៕
ដោយ ៖ សិលា