ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដែលមាន វត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។
មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ និងអនុលោមតាមបទបញ្ជាផ្ទៃក្នុង សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្វាយព្រះពរសព្ទសាធុការ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ហើយជាមួយនឹងសភាពការណ៍ ចំពោះមុខពាក់ព័ន្ធនឹងស្ថានភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បាន ថ្លែងសារពិសេសតាមរយៈការផ្សាយបន្តផ្ទាល់តាមស្ថាប័នព័ត៌មាននានា ជូនដល់ជនរួមជាតិកម្ពុជា ទាំងអស់ លើបញ្ហាបីសំខាន់ៗដូចខាងក្រោម៖
១.សម្តេចតេជោ បានអំពាវនាវដល់ពលករខ្មែរទាំងអស់ដែលកំពុងធ្វើការនៅប្រទេសថៃ ទោះមានលិខិតស្នាម ឬពុំមានលិខិតស្នាមក្តី សូមត្រឡប់មកកម្ពុជាវិញ ក្នុងករណីមានការរើសអើង ឬប្រមាថពីពួកជ្រុលនិយមថៃនៅទីនោះ។ សម្តេចតេជោ បានថ្លែងគាំទ្រសាររបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំដល់ក្រសួងជំនាញ និងអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ ផ្តល់ការ សម្របសម្រួល និងសហការនានា ព្រមទាំងផ្តល់មធ្យោបាយដឹកជញ្ជូន ការស្នាក់នៅ ម្ហូបអាហារ ការថែទាំសុខភាពបឋម និងការជួយស្វែងរកការងារក្នុងស្រុក ជូនបងប្អូនពលករខ្មែរដែលត្រឡប់ មកកម្ពុជាវិញ ដោយមិនអាចទុកពលរដ្ឋខ្មែរឱ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយនោះឡើយ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលយកសំណូមពរ និងរួមគ្នាគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួល និងបន្ថយបន្ទុកពលករខ្មែរដែលជាប់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពេលត្រឡប់មក កម្ពុជាវិញ។
២.ចំពោះការបិទច្រកចេញ-ចូលនានានៅតាមព្រំដែន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ អំពីជំហរយ៉ាងច្បាស់លាស់ថា ភាគីកងទ័ពថៃគឺជាអ្នកបិទព្រំដែនមុន ដោយឯកតោភាគី ហេតុនេះ ខាងកងទ័ពថៃត្រូវតែជាអ្នកបើកមុនវិញដែរ ដែលជាលក្ខខណ្ឌចាំបាច់បំផុតនាពេលនេះ ដើម្បីអាច សម្រួលគ្នាឈានទៅរកប្រក្រតីភាពវិញ ដូចស្ថានភាពនៅមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ប្រសិនបើភាគីថៃប្រកាសបើកព្រំដែនទាំងអស់ឡើងវិញ កម្ពុជានឹងបើកច្រកចេញ-ចូល ជាប្រក្រតី ឡើងវិញដែរ ហើយភាគីកម្ពុជាមិនមានភាពចាំបាច់ក្នុងការចូលរួមចរចាក្នុងការបើកព្រំដែនឡើង វិញនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានសេចក្តីថ្លៃថ្នូរ មានកិត្តិយស និងមាន ការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
៣.ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកបញ្ហាតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដោយសារ តែភាគីទាំងពីរពុំអាចស្រុះស្រួលគ្នាដោះស្រាយដោយយន្តការទ្វេភាគីបានទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចរចាតាមផ្លូវច្បាប់ និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាពយូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ ជៀសវាងនូវការប្រើប្រាស់អាវុធ និងការបាត់បង់អាយុជីវិតមនុស្ស។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងថា បណ្តាប្រទេសនានាលើពិភពលោកនឹងគាំទ្រកម្ពុជា ក្នុងការជ្រើសរើសការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការ តុលាការយុត្តិធម៌អន្តរជាតិ ហើយក្រៅពីចំណុចទាំងបួនខាងលើនេះ កម្ពុជានឹងបន្តដោះស្រាយបញ្ហា ជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ គឺ គាប់ជួនចំថ្ងៃជាប្រវត្តិសាស្ត្រ ខួបទី៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ (ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២)។
មុននឹងបញ្ចប់ការថ្លែងសារពិសេស សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ ឡើងវិញថា សម្តេចមិនដែលមានបំណងបញ្ឆេះឱ្យមានបញ្ហាជាតិនិយមនោះទេកន្លងមក និងបាន អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមកុំធ្វើអំពើជ្រុលនិយម រើសអើង និងប្រកាន់ពូជសាសន៍ ចំពោះ ជនជាតិថៃ ដែលភាគច្រើនជាមនុស្សល្អ។
ជាកិច្ចបន្ត អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបណ្តា ក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន ២៤ច្បាប់។
សេចក្តីព្រាងច្បាប់ទាំង២៤នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ការធានាទូទាត់របស់ រាជរដ្ឋាភិបាលដល់គម្រោងថាមពលអគ្គិសនីចំនួន២៤ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីធានាការ ឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ថាមពលក្នុងរយៈពេលចំពោះមុខដល់ឆ្នាំ២០២៨ ស្របនឹង គោលនយោបាយយុទ្ធសាស្ត្រមេអភិវឌ្ឍន៍អគ្គិសនី ឆ្នាំ២០២២-២០៤០។
សេចក្តីព្រាងច្បាប់ទាំង២៤នេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់ របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលទី៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុវត្តបន្តដ៏ខ្ជាប់ខ្ជួនដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកៀរគរស្វែងរកអ្នកវិនិយោគនិងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនីមួយៗ ចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលមានការប្រែប្រួលនៃលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការ កើនឡើងនូវតម្រូវការនៃការប្រើប្រាស់ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងច្បាប់នីមួយៗ តាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមានយោបល់រួចមក ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ នីមួយៗ ដោយឥតកែប្រែចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យ ជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិង បរិស្ថាន ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និង អាជីវករ ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ជាពិសេស ប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១៥ជំពូក ១០៤មាត្រា និងមានឧបសម្ព័ន្ធចំនួន២ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៦រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ។
លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកាគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារ សាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៦០សំឡេង នៃ ចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ឯកឧត្តម អ៊ុន វណ្ណា សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រ ចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖ស តារា