ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖ កត្តារួបរួមគ្នាស្នេហាជាតិនេះ គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យប្រទេសយើងរឹងមាំ មានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ខណៈប្រវត្តិសាស្រ្ដបានបង្ហាញយ៉ាងច្បាស់ថា កត្តាគ្មានសាមគ្គីភាពផ្ទៃក្នុង ការបែកបាក់គ្នា បានធ្វើឱ្យប្រទេសយើងបែកបាក់។
-សម្ដេចធិបតី ថ្លែងថា យុវជនក្រៅពីសិក្សា គួរប្រឹងប្រែងជួយសង្គម តាមរយៈការពង្រឹងសមត្ថភាព ឆន្ទៈ មនសិការខ្លួនឯង ដោយធ្វើជាមនុស្សល្អ ជាបុគ្គលល្អក្នុងសង្គម ។ សង្គមមានមនុស្សល្អច្រើន ជាតិប្រទេសនឹងកាន់តែរីកចម្រើន។
-សម្ដេចធិបតី ថ្លែងថា ធនធានមនុស្សរឹងមាំ គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេសជាតិ និងឯករាជ្យភាពជាតិឱ្យរឹងមាំ។
-សម្ដេចធិបតី ថ្លែងថា ការកសាងមូលដ្ឋានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាគឺជារឿងដែលរាជរដ្ឋាភិបាលបានធ្វើរយៈពេលជាង៤០ឆ្នាំមកនេះ។ រហូតមកដល់ពេលនេះកម្ពុជាអាចម្ចាស់ការលើការរៀបគោលនយោបាយ និងកិច្ចការងារអភិវឌ្ឍប្រទេសជាតិដោយខ្លួនឯងបានអាចពឹងដង្ហើមរស់ដោយខ្លួនឯងបាន។
-សម្តេចធិបតី ថ្លែងអះអាងថា ការផ្តាច់អគ្គិសនី និងអ៊ិនធើណែត ពីប្រទេសថៃ មិនមែនមានន័យថាផ្តាច់ទំនាក់ទំនងជាមួយភាគីថៃនោះទេ។
-សម្ដេចធិបតី ថ្លែងថា មានប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស បង្ហាញការភ្ញាក់ផ្អើលក្រោយប្រទេសថៃប្រកាសផ្ដាច់អគ្គិសនី និងអ៊ិនធឺណិតពីកម្ពុជា ប៉ុន្ដែកម្ពុជាបែរជាអ្នកផ្ដាច់អ៊ិនអឺណិត និងអាចផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯងដោយមិនចាំបាច់ពឹងថៃ។
-សម្ដេចធិបតី ថ្លែងហួសចិត្ត ចំពោះអ្នកនយោបាយខ្លះទៅយកព័ត៌មានក្លែងក្លាយពីប្រទេសជិតខាង ប្រឹងបំប៉ោងព័ត៌មាន ធ្វើឱ្យប៉ះពាល់ទឹកចិត្តកងទ័ព និងចោទថារដ្ឋាភិបាលលាក់បាំងព័ត៌មានថែមទៀត។
-សម្តេចធិបតី ថ្លែងអះអាងថាពេលនេះកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ចំពោះការ ផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធើណែត ដោយមិនចាំបាច់ពឹងផ្អែកប្រទេសដទៃ ជាពិសេសទិញពីប្រទេសថៃតែម្តង។
-សម្ដេចធិបតី ថ្លែងថា លទ្ធផលជាក់ស្ដែងនៅពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ចំពោះការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ ជាពិសេសលទ្ធផលនៃការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណិតនាពេលនេះ។
-សម្ដេចធិបតី ថ្លែងថា សាធារណជនទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះសមត្ថភាពរបស់កម្ពុជា នៅក្នុងការធានាផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធអ៊ីនធឺណិត ដោយខ្លួនឯង។
-សម្ដេចធិបតី ថ្លែងរំលេចថា នៅក្រោយទទួលព័ត៌មានថា មានក្រុមជ្រុលនិយមថៃមួយចំនួនតូចស្នើដល់រដ្ឋាភិបាលថៃ ឱ្យកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី និងអ៊ីនធឺណិត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជា ។
-សម្ដេចធិបតី បានថ្លែងបញ្ជាឱ្យកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត និងអគ្គិសនីដែលផ្គត់ផ្គង់ដោយថៃ ដោយដាក់ឱ្យដំ ណើរការប្រភពថាមពលអគ្គិសនី និងអ៊ីធឺណិតរបស់កម្ពុជាវិញ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ និងម្ចាស់ការដោយខ្លួនឯង។
-សម្តេចធិបតី ថ្លែងថា កម្ពុជាពុំបានលក់ដី លក់ប្រាសាទឲ្យអ្នក ណានោះទេ ខណៈការលើកឡើងរបស់សម្តេចបែបនេះគឺបន្ទាប់ពីក្រុមអគតិមួយក្តាប់តូចដែលតែងតែ ចោទប្រកាន់ថា កម្ពុជាក្រោមការដឹកនាំរបស់ត្រកូល«ហ៊ុន» បានលក់ដី លក់ប្រាសាទឲ្យគេនោះ។
-សម្ដេចធិបតី ថ្លែងថា ការធ្វើសកម្មភភាពនយោបាយ មិនចាំបាច់ លោតកព្ឆោង មិនច្បាស់លាស់នោះទេ ប៉ុន្ដែយើងត្រូវមានភាពចាច់ទុំ ច្បាស់លាស់។ យើងមិនចាំបាច់ឆ្លើយតបរឿងអគ្គិសនីឬអ៊ិនធឺណិតនោះទេ គឺដល់ម៉ោងកាត់ផ្ដាច់យកតែម្ដងទៅ។
-សម្ដេចធិបតី ថ្លែងថា អ្នកនយោបាយត្រូវមានទំនាក់ទំនងឆ្លើយជាមួយប្រជាពលរដ្ឋតាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុទូរទស្សន៍សម័យបច្ចុប្បន្នគេប្រើទំនាក់ទំនងសង្គមហ្វេសបុកគ្រប់ពេលវេលាដើម្បីបញ្ជូនសារទៅប្រជាពលរដ្ឋ។
-សម្តេចធិបតី ថ្លែងអំពាវនាវជាថ្មីម្តងទៀតថា ប្រសិនបើបងប្អូនប្រជា ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃចង់ត្រឡប់មកកម្ពុជាវិញ គឺមានអាជ្ញាធរខ្មែរត្រៀមសម្របសម្រួលជូនបងប្អូនរួចជាស្រេចហើយ។
– សម្ដេចធិបតី សម្ដែងការហួសចិត្តដែលភាគីថៃ ចេញមកបកស្រាយថា កម្ពុជាគ្មានវិជ្ជាជីវៈ(unprofessional) ពាក់ព័ន្ធនឹងការបកស្រាយបង្ហាញវិវាទជាមួយភគីថៃ។ សម្ដេច ថ្លែងបញ្ជាក់ថា បញ្ហានេះ កម្ពុជាដើរតាមក្រោយថៃទេ។
-សម្តេចធិបតី ថ្លែងផ្តាំទៅប្រទេសខ្លះ ដែលតែងតែលាបព័រណ៌កម្ពុជា ថាអាក្រក់ ប៉ុន្តែប្រទេសខ្លួនឯងទៅវិញទេ ដែលអាក្រក់ ហើយខិតខំលាក់បាំង ខណៈរឿងនេះអ្នកណាក៏គេ ដឹងដែរ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ គឺត្រូវរកយន្តការទីបី គឺទៅតុលាការអន្តរជាតិ ICJ ខណៈជំហររបស់កម្ពុជាទៅ ICJ គឺមិនរាថយទេ។
-សម្តេចធិបតី ប្រកាសជាថ្មីម្តងទៀតថា កម្ពុជាគ្មានការរាថយ នោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ខណៈពេលនេះកម្ពុជាបានផ្ញើលិខិតផ្លូវការហើយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះ។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់នូវ អភិក្រមចំនួនបី ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺទី១ បច្ចេកទេស ២ច្បាប់អន្តរជាតិ និងទី៣គឺតាមរយៈយោធា។
-សម្តេចធិបតី ទាក់ទងនឹងការបិទច្រកព្រំដែន ក៏បានផ្តាំទៅភាគីថៃថា ថៃជាបិទជាឯកតោភាគី សូមថៃបើកជាឯកតោភាគីវិញចុះ កម្ពុជាមិនចចារដើម្បីសម្របសម្រួលឲ្យមានការ បើកច្រកវិញនោះទេ។ សម្តេចបានលើកឡើងថា ប្រសិនណាអ្នកបើកវិញជាឯកតោភាគី៥ម៉ោងក្រោយគឺ កម្ពុជានឹងបើកវិញភ្លាម។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ជាថ្មីថា ឱ្យតែជាពលរដ្ឋខ្មែរចង់ត្រប់មកពីថៃឆ្លងកាត់ច្រកព្រំដែន ទោះបីគ្មានឯកសារ សូមឱ្យគាត់ចូលមកកម្ពុជាហើយក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចាំជួយសម្រួល។
-សម្ដេចធិបតី ថ្លែងសង្កត់ធ្ងន់ថា៖ «សូមបងប្អូនអ្នកនយោបាយមួយចំនួន គិតពីប្រយោជន៍ជាតិផង»។ ការអំពាវនាវរបស់សម្ដេចបែបនេះក្រោយមានក្រុមប្រឆាំងផ្កាប់មុខមួយចំនួនបានយកឱកាសកម្ពុជាកំពុងប្រឈមមុខជាមួយថៃទៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។
-សម្តេចធិបតី សម្តែងការហួសចិត្តអ្នកនយោបាយ ជ្រុលនិយម មួយក្តាប់តូច ជាពិសេសក្រុមអ្នកនយោបាយចាស់វស្សា តែងតែធ្វើការបំប៉ោងព័ត៌មាន ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃធ្វើឲ្យប៉ះពាល់ដល់ទ័ពខ្មែរ ខណៈការឌឺដងរបស់ក្រុមអ្នកនយោបាយចាស់វស្សាទាំងនោះត្រូវបានសម្តេចថាអន់ជាងក្មេងៗសម័យសព្វថ្ងៃទៅទៀត។
-សម្ដេចធិបតី ថ្លែងថា៖«ម៉ោងស្មើនេះកងទ័ពរបស់យើងត្រូវមូលគំនិតគ្នា»! សម្ដេចកោតសរសើរចំពោះទឹកចិត្តកងទ័ពរបស់កម្ពុជាដែលមានស្មារតីមោះមុត សាមគ្គីគ្នា។
-សម្តេចធិបតី ប្រកាសជាថ្មីម្តងទៀតថា កម្ពុជាមិនចង់បានទឹកដីអ្នកណានោះទេ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏នឹងមិនធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រនោះដែរ តែបើមានការបំពានពីភាគីណាមួយ គឺយើងនឹងមានការឆ្លើយតបទៅវិញជាក់ជាមិនខាននោះឡើយ។
-សម្តេចធិបតី បានលើកឡើងថា គម្រោងជួបជុំគ្នារបស់ស.ស.យ.ក ដែលដើរដោយថ្មើរជើង ដោយមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ គឺជាព្រឹត្តិការណ៍មួយបង្ហាញពីការសាមគ្គីគ្នា និងដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងប្រឈមជាមួយភាគីថៃ។
-សម្ដេចធិបតី ថ្លែងកោតសរសើរ និងគាំទ្រចំពោះ ស.ស.យ.ក ដែលបានរៀបចំកម្មវិធីពិសេស Solidarity March ដើរថ្មើជើងស្អែកនេះ ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។ ខណៈមានអ្នកចុះឈ្មោះចូលរួមប្រមាណ១០ម៉ឺននាក់ និងមានអ្នកចូលរួមដែលមិនទាន់ចុះឈ្មោះផងដែរ។
-សម្តេចធិបតី ប្រកាសជាថ្មីម្តងទៀតថា បើតុលាការក្រុងឡាអេ កាត់ក្តីលើសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបីយ៉ាងណានោះគឺកម្ពុជាទទួលស្គាល់ជា និច្ច ហើយសម្តេចក៏បានផ្តាំទៅភាគីថៃសូមប្រកាសជំហរយ៉ាងដូច្នេះដូចកម្ពុជាផងដែរ។
-សម្តេចធិបតី ថ្លែងថា បញ្ហានៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពុំមែនការលេងសើច និងមែនជាឆាកល្ខោននោះទេ គឺជាការប្រឈមគ្នាយ៉ាងក្តៅគគុកជាមួយគ្នាហើយសម្តេចសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមអគតិមួយក្តាប់តូចជាពិសេសក្រុមអ្នកនយោបាយចាស់វស្សាបែជាចោទថា ជាឆាកល្ខោនទៅវិញ។
-សម្ដេចធិបតី ថ្លែងរម្លឹកពីដំណើរការរៀបចំបណ្ដឹងបញ្ហាព្រំដែននៅប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ថា នៅមុនការរៀបចំបណ្ដឹងនេះ សម្ដេចបានថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ស្ដីពីការរៀបចំបណ្ដឹងបញ្ហាព្រំដែននេះទៅ ICJ។
-ការលើកឡើងរបស់សម្ដេចស្ដីពីបណ្ដឹងនេះ ត្រូវបានអង្គសមាជប្រកាសគាំទ្រទាំងស្រុង។ បន្ទាប់មកនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខការទូតកម្ពុជាបានសរសេរលិខិតផ្លូវការទៅប្រមុខការទូតថៃ ដើម្បីបបួលភាគីថៃយកករណីបញ្ហាព្រំដែនប្រទេសទាំងពីរទៅដោះស្រាយនៅ ICJ ទាំងអស់គ្នា។ បន្ទាប់មកទៀតនៅក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានបដិសេធចំពោះសំណើកម្ពុជាលើករណីបណ្ដឹងនេះ។ ដោយសារតែភាគីថៃបានបដិសេធ កម្ពុជាសម្រេចនាំយកបណ្ដឹងនេះទៅដាក់នៅ ICJ ដោយខ្លួនឯងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ទោះថៃមិនទៅក៏ដោយ។
-សម្ដេចធិបតី ថ្លែងរំលេចផងដែរថា ១៥ មិថុនា ក៏ជាថ្ងៃដែលកម្ពុជាឈ្នះក្ដីលើថៃ ក្នុងករណីបណ្ដឹងប្រាសាទព្រះវិហារ និងតំបន់ក្បែរខាងកាលពីឆ្នាំ១៩៦២ ផងដែរ។
នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ បានបង្ហាញថាសមាជិកកាយរឹទ្ធិជាតិកម្ពុជាមានកំណើនឡើងចំនួន ១៨៥ ៣៥៦នាក់ ស្រី ៩១ ០៣៨នាក់ ស្មើ ៤៩,១១ ភាគរយ សម្រេចបានតាមចំណុចដៅ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងកាយរឹទិ្ធជាតិកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងទៀតថា តាមរយៈកំណើនសមាជិកភាពនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទីយ៉ាងសកម្មនៅវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារនិងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ដើម្បីគាំទ្រដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច ធិបតី នាយករដ្ឋមន្រ្តី ស្តីពីការលើកកម្ពស់គុណភាពអប់រំដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការបញ្ចូលកម្មវិធីអប់រំកាយរឹទិ្ធកម្មទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាបន្ថែម ពិតជាបានជួយពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ជាទិសដៅកាយរឹទិ្ធជាតិកម្ពុជា បន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងប្រព័ន្ធកងល្បាតកាយរឹទិ្ធនៅតាមគ្រឹះស្ថាសិក្សា ដើម្បីគាំទ្រសកម្មភាពអាទិភាព និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យចូលរួមយ៉ាងផុលផុសក្នុងការអនុវត្តគម្រោងសកម្មភាពនៅតាមសហគមន៍នានា សម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) អង្គការសហប្រជាជាតិ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា កម្មវិធីអប់រំកាយរឹទិ្ធកម្ម បានផ្តល់ឱកាសដល់យុវជនកម្ពុជាចូលរួមក្នុងបុព្វហេតុមាតុភូមិ ដើម្បីកសាងកម្លាំងយុវជនប្រកបដោយចំណេះដឹង សីលធម៌ ភាពធន់ ភាពជាពលរដ្ឋសកល និងមានភក្តីភាពជានិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖ស តារា