ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពចូលរួមបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា ។
សម្ដេចធិបតី បានថ្លែងថា កាយរឹទ្ធិជាតិកម្ពុជា គឺជាអង្គការអប់រំស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន មិនធ្វើនយោបាយ និងមិនរើសអើង ដោយធ្វើសកម្មភាពដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្តានុពលពេញលេញ ឱ្យក្លាយទៅជាពលរដ្ឋល្អ មានការទទួលខុសត្រូវ ។ ចលនាកាយរឹទ្ធិជាតិកម្ពុជាបានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ១៩៣៤ ប៉ុន្តែដោយសារតែកត្តាប្រែប្រួលនយោបាយ និងសង្គ្រាម បានបង្អាក់សកម្មភាពកាយរឹទ្ធិជាតិកម្ពុជាមិនអាចដំណើរការបាន ។
សម្តេចធិបតី ថ្លែងថា ក្រោមគំនិតផ្តួចផ្តើមជាថ្មីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតឡើងវិញតាមរយៈមហាសន្និបាតលើកទី១ នៅ ថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ និងបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០០៨ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះ កាយរឹទិ្ធជាតិកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាអាទិ៍ការកសាងបាននូវកំណើនសមាជិកភាពក្នុងស្រទាប់កុមារ និងយុវជន ទាំងនៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន និងសហគមន៍គ្រប់មជ្ឈដ្ឋាន ដែលមានសមាជិករហូតជិត២០ម៉ឺននាក់ទូទាំងប្រទេស ។ តាមរយៈ កំណើនសមាជិកនេះ ពិតជាអាចបញ្ជាក់បានថា កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជនដ៏សកម្មមួយ ដែលមានគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កុមារនិងយុវជន និងសង្គមជាតិ ៕ដោយ៖តារា