ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨មិថុនា ឆ្នាំ២០២៥ ប្រធានបក្សនយោបាយជិត៣០បក្ស បានចូលរួម ព្យុហយាត្រាសាមគ្គីភាព ដើម្បីលើកទឹកចិត្តកងកម្លាំងការពារជាតិនៅព្រំដែន។ ថ្នាក់ដឹកនាំបក្សនយោបាយទាំងនេះ មកពីបក្ស ហ៊្វុនស៊ិនប៉ិច បក្សស្ត្រីដើម្បីស្ត្រី និងបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើម។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមប្រមាណក្នុងរង្វង់ ១៥ម៉ឺននាក់ ក្រោមស្នាមញញឹមតែមួយ និងច្រៀងចម្រៀង ដែនដីខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ៖ គ្មានកម្លាំងអ្វីដែលខ្លាំងជាងកម្លាំងនៃការសាមគ្គីឯកភាពជាតិមួយនោះទេ។
សម្តេចធិបតី សូមអរគុណចំពោះបងប្អូនជនរួមជាតិខ្មែរ ដែលបានបង្ហាញនូវស្មារតីសាមគ្គីឯកភាពជាតិជាធ្លុងមួយ ជួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការការពារបូរណភាពទឹកដី តាមរយៈការចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ដំណើរថ្មើរជើងរួមគ្នា (Solidarity March) នៅព្រឹកថ្ងៃទី ១៨ មិថុនា ២០២៥ នេះ រហូតដល់ជាង ១៥ម៉ឺននាក់ ដែលច្រើនលើសពីការរំពឹងទុក ។
លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើង គឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ ៕
ដោយ ៖ សិលា