អន្តរជាតិ៖ យោធាអុីស្រាអែល និងស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោនរបស់ខ្លួន បាននិយាយនៅក្នុងសារអេឡិចត្រូនិកមួយទៅកាន់សារព័ត៌មាន Reuters ដែលពុំបានកំណត់អត្តសញ្ញាណតំបន់នោះថា៖ អ៊ុីរ៉ង់បានបាញ់មីស៊ីលទៅកាន់ប្រទេសអុីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដែលបានពង្រាយខ្ចាត់ខ្ចាយគ្រាប់បែកតូចៗ ក្នុងគោលបំណងបង្កើនចំនួនជនស៊ីវិលស្លាប់និងរងរបួស ជាការប្រើប្រាស់គ្រាប់បែកចង្កោមលើកដំបូងត្រូវបានរាយការណ៍នៅក្នុងសង្គ្រាមរយៈពេល៨ថ្ងៃមកនេះ។
ស្ថានទូតបាននិយាយបន្ថែមថា៖ «ថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធអុីរ៉ង់ បានបាញ់មីស៊ីលដែលមានផ្ទុកគ្រាប់រំសេវចង្កោម ទៅកាន់តំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើនក្នុងប្រទេសអុីស្រាអែល»។ សារអេឡិចត្រូនិក បន្តថា «គ្រាប់បែកចង្កោមត្រូវបានរៀបចំដើម្បីពង្រាយឲ្យរាយប៉ាយនៅលើតំបន់ធំមួយ និងបង្កើនឱកាសនៃការវាយប្រហារដែលបង្កគ្រោះថ្នាក់»។
«អុីរ៉ង់ បានបាញ់ដោយខុសច្បាប់និងមានចេតនាទៅលើមជ្ឈមណ្ឌលជនស៊ីវិល ហើយព្យាយាមបង្កើនការធ្វើឲ្យជនស៊ីវិលស្លាប់ដោយការប្រើប្រាស់គ្រាប់បែកចង្កោម»។ បេសកកម្មរបស់ប្រទេសអុីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
សេចក្តីរាយការណ៍ព័ត៌មានរបស់អុីស្រាអែលបានដកស្រង់សម្តីយោធាអុីស្រាអែលដែលនិយាយថា ក្បាលគ្រាប់មីស៊ីលបានបំបែកបើកចំហនៅរយៈកម្ពស់ប្រហែល៧គីឡូម៉ែត្រ និងបានបញ្ចេញគ្រាប់រំសេវប្រហែល២០គ្រាប់ក្នុងរង្វង់ប្រហែល៨គីឡូម៉ែត្រ លើអុីស្រាអែលភាគកណ្តាល៕ដោយ៖តារា