រឿង ផ្តិលកេរជីវិត (តចប់)

ចែករំលែក៖

ជំងឺបាក់ជ័របាយ÷
រាងកាយរបស់ខ្ញុំស្វិតស្រពោនក្រៀមក្រញ៉ង់ខ្មៅក្រញេះមើលមិនយល់ឡើយ។ រាល់ថ្ងៃខ្ញុំធ្វើការទាំងខ្លួនមានជំងឺដែលបណ្ដាលមកពីការធ្វើការងារធ្ងន់បាក់កម្លាំងនិងទទួលទានអាហារខ្វះជីវជាតិ។ ចាប់តាំងពីខ្ញុំដឹងថាខ្លួនរបស់ខ្ញុំមានជំងឺបាក់ជ័របាយមក ខ្ញុំហាក់មិនមិនសូវសប្បាយចិត្តនិងការងារទាំងនោះឡើយ។ ម្យ៉ាងទៀតខ្ញុំមិនខ្លាចនិងការគំរាមកំហែងរបស់ប្រធានកងទៀតទេ។ ពួកគេតែងតែប្រើសំដីគំហកខ្លាំងៗដាក់ខ្ញុំ។ មេកងថាខ្ញុំជាមនុស្សធ្វើពុតធ្វើជាឈឺ ម្យ៉ាងទៀតមេកងចេះតែរំអុកដាក់ខ្ញុំម្ដងហើយម្ដងទៀតថា ខ្ញុំជាមនុស្សឈឺសតិអារម្មណ៍ទៅវិញ។ ឪពុកម្តាយរបស់ខ្ញុំ ពេលឃើញខ្ញុំធ្លាក់ខ្លួនឈឺដូច្នេះ ់ពួកគាត់ពិបាកចិត្តខ្លាំងណាស់។ឪពុកម្តាយរបស់ខ្ញុំមិនដែលបញ្ចេញឲ្យខ្ញុំឃើញថា ពួកគាត់មានការពិបាកចិត្តព្រោះតែរូបខ្ញុំឡើយ។ គាត់តែងតែបង្ហាញទឹកមុខស្រស់ញញឹមដាក់ខ្ញុំ និងលើកទឹកចិត្តខ្ញុំជានិច្ច។
រាល់យប់ក្នុងរដូវច្រូតខ្យល់តែងតែបក់មកពីទិសខាងជើងត្រជាក់ណាស់ប៉ុន្តែខ្លួនរបស់ខ្ញុំបែរជាក្តៅទៅវិញ។ ឪពុករបស់ខ្ញុំតែងតែអុជធូបបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធឲ្យមកជួយបីបាច់ថែរក្សាខ្ញុំឲ្យបានឆាប់ជាសះស្បើយពីជំងឺឡើងវិញ។ ឪពុករបស់ខ្ញុំតែងតែធ្វើដំណើរទៅដងទឹកពីប្រាសាទនិងស្ពានទាំងអស់ដើម្បីយកមកឲ្យខ្ញុំផឹក និងពពោកលើខ្លួនប្រាណខ្ញុំដោយរំពឹងទុកថា ទឹកទាំងនោះអាចជួយធ្វើឱ្យខ្ញុំជាសះស្បើយបាន។ ឪពុករបស់ខ្ញុំបានយកទឹកដាក់ក្នុងផ្ទិលខេត្តប្រហែលមួយថ្នាំងដៃឲ្យខ្ញុំផឹកបន្តិចរួចយកមកដាក់ពីលើពស់របស់ខ្ញុំដើម្បីឲ្យខ្ញុំកុំនៅក្នុងខ្លួនរបស់ខ្ញុំឆាប់ចុះត្រជាក់។ចំណែកម្ដាយរបស់ខ្ញុំវិញយកបបរមកបញ្ចុកខ្ញុំ។ បងប្អូនអ្នកជិតខាងតែងតែនាំគ្នាមកសួរសុខទុក្ខខ្ញុំមិនដែលដាច់ឡើយ។ កម្លាំងចិត្តទាំងអស់របស់ពួកគាត់បានជំរុញកម្លាំងចិត្តរបស់ខ្ញុំឲ្យខិតខំតស៊ូនឹងជំងឺរហូតបានធូរស្បើយ។
ឪពុករបស់ខ្ញុំនិយាយមករកខ្ញុំដោយសេចក្តីសង្ឃឹមថា កម្តៅខ្លួនចុះត្រជាក់ហើយ ចំណែកទឹកមុខរបស់កូនក៏កាន់តែប្រសើរខ្លាំងជាងមុនដែរ បារមីវត្ថុស័ក្តិសិទ្ធពិតជាជួយកូនរបស់ពុកជាសះស្បើយហើយ។
ខ្ញុំញញឹមទៅរកគាត់ដោយក្តីរំភើបក្នុងចិត្ត បើទោះជាខ្ញុំកំពុងតែដេកនៅនឹងកន្ទេលក្រោកមិនរួចស្រួលបួលក៏ដោយ។ ម្ដាយរបស់ខ្ញុំលូកដៃសកពីក្រោមករបស់ខ្ញុំរួចលើកខ្ញុំឡើងឲ្យអង្គុយ។ ខ្ញុំដាក់ភ្នែកទៅទីណា ក៏ឃើញសុទ្ធតែពណ៌លឿងទាំងអស់ គ្មានឃើញអ្វីស្របបំព្រងដូចគ្រាមុនឡើយ។ ភាពធេងធាងនៅមិនទាន់ចេញឆ្ងាយពីខ្ញុំទេ ខ្ញុំប្រឹងហូបបបរឲ្យបានច្រើនដើម្បីឲ្យសុខភាពរបស់ខ្ញុំកាន់តែរឹងមាំជាងមុន។ ឪពុករបស់ខ្ញុំអង្គុយក្បែរខ្ញុំដោយដៃកាន់កន្សែងជ្រលក់ទឹកជូតដៃជើងនិងដងខ្លួនឲ្យខ្ញុំ។
ម្តាយរបស់ខ្ញុំ បាននិយាយមកខ្ញុំថាថ្ងៃនេះកូនហូបបបរបានច្រើនណាស់កូនស្រីម៉ែជាហើយ។ខ្ញុំញញឹមទៅរកគាត់។ ឪពុករបស់ខ្ញុំនៅតែបន្តពពោកទឹកឱ្យខ្ញុំរហូតទាល់តែខ្ញុំមានអារម្មណ៍ថារងា រហូតដល់ខ្ញុំទាញភួយយកមកដណ្ដប់ទើបគាត់ឈប់។ ថ្នាំដែលខ្ញុំផឹកព្យាបាលជំងឺរបស់ខ្ញុំជាប្រភេទថ្នាំបុរាណរួមមានការផ្សំពីទឹកដោះខ្លា ឆ្អឹងសត្វ ស្បែកសត្វ សំបកសិប្បីសត្វ ឬសឈើ សំបកឈើ ខ្លឹមឈើ និងផ្លែឈើ ដែលឈើខ្លះក៏ជាប្រភេទឈើពុលដែរ។ ថ្នាំទាំងអស់នោះ គឺជាឱសថសក្តិសិទ្ធណាស់។ ថ្នាំទាំងនោះត្រូវយកមកដុសនឹងដុំថ្មមួយដុំ ជាមួយនឹងទឹក។ ខ្ញុំសង្កេតឃើញថា ថ្នាំខ្លះត្រូវដុសម្ដង ថ្នាំខ្លះត្រូវដុសពីរដង ឯថ្នាំខ្លះទៀតត្រូវដុសបីដង តម្រូវតាមប្រភេទជំងឺដូចជា ថ្នាំបញ្ចុះកម្ដៅឈឺក្បាល និងវិលមុខជាដើម។
ព្រលឹងជីវិត÷
ព្រលឹងហាក់ហោះចូលមកនៅក្នុងខ្លួនរបស់ខ្ញុំវិញ ខ្ញុំត្រូវតែខំហូបចំណីអាហារដើម្បីឲ្យសុខភាពឆាប់រឹងមាំ ពិសេសដើម្បីឲ្យបានឃើញទេសភាពស្រុកភូមិរបស់ខ្ញុំសាជាថ្មីដែលនឹងស្ថិតនៅក្នុងសន្តិភាពយ៉ាងសុខសាន្ត។
ថ្ងៃនេះស្ថានភាពជំងឺរបស់ខ្ញុំកាន់តែប្រសើរឡើង ខ្ញុំអាចដើរបាន និងធ្វើអ្វីៗបានដូចធម្មតាវិញ។ ឪពុកម្តាយរបស់ខ្ញុំ និងបងប្អូនអ្នកជិតខាងទាំងអស់ ក៏មានចិត្តសប្បាយរីករាយដោយឃើញខ្ញុំបានជា និងមានសាច់ឈាមល្អប្រសើរដូចដើមវិញ។
ពេលវេលាមួយបានមកដល់ ខ្ញុំនិងក្រុមគ្រួសារ និងអ្នកភូមិទាំងអស់អាចធ្វើដំណើរត្រឡប់ទៅភូមិកំណើតវិញ។ គ្រាន់តែប៉ុន្មានខែ ស្រូវដួលរាបដល់ដី ខ្លះត្រូវភ្លើងឆេះគ្មានសល់ ខ្លះទៀតដុះសារឡើងវិញ ។ សត្វចាបបក្សាបក្សីហិចហើរចុះទន្ទ្រានស៊ីស្រូវទាំងកង ទាំងហ្វូងស្ទើរគ្មានសល់បន្តិចឡើយ។ ក្នុងភូមិមានផ្ទះ តែគ្មានមនុស្សនៅ មានផ្លូវប៉ុន្តែគ្មានមនុស្សដើរ ស្មៅដុះច្រូងច្រាងក្លាយជាកន្លែងមូស និងពពួកសត្វផ្សេងៗរស់នៅទៅវិញ។ ដើមដូងដើមត្នោត ដើមស្វាយ និងដាំទឹកដោះដែលខ្ពស់ៗមួយចំនួន ត្រូវបានបាក់ចុះមកដីដែលបណ្ដាលមកពីត្រូវគ្រាប់កាំភ្លើងប្រយុទ្ធគ្នាក្នុងពេលមានសង្គ្រាម។
ភូមិកំណើតសំសត់របស់ខ្ញុំមិននឹកស្មានថាខ្ញុំអាចវិលមកជួបអ្នកផ្សារជាថ្មីសោះ។ខ្ញុំប្រាថ្នាថានឹងរស់នៅស្រុកនេះមិនចាកចេញដោយសារសង្គ្រាមទៀតដោយបើទោះបីជាខ្ញុំត្រូវបាត់បង់ជីវិតក៏ដោយក៏សូមឲ្យខ្ញុំស្លាប់នៅក្នុងស្រុកកំណើតទៅចុះ។

ម្ដាយរបស់ខ្ញុំបានចូលទៅរៀបចំផ្ទះ និងអុជធូបបន់នៅកន្លែងព្រះភូមិដែលរៀបដាក់តម្កល់ក្នុងផ្ទះ។ គាត់ប្រាប់ដល់ជំនាញផ្ទះថា ម្ចាស់ផ្ទះមកវិញហើយ សូមឱ្យសុខសប្បាយក្នុងការរស់នៅ ជួបជុំតែសេចក្តីសុខចម្រុងចម្រើន។ ខ្ញុំមើលមុខម្ដាយរបស់ខ្ញុំដោយស្ងៀមស្ងាត់។ ឪពុករបស់ខ្ញុំជាមនុស្សឧស្សាហ៍កាលបើឃើញផ្ទះសុទ្ធតែស្មៅដុះជុំជិតយ៉ាងនេះ គាត់ក៏បានយកខ្វេវ និងចបកាប់មកជម្រះឲ្យស្រឡះល្អមួយរំពេច។ ខ្ញុំជួយប្រមូលសំរាមដុតឱ្យស្រឡះល្អ។ ខ្ញុំសែនអាណិតឆ្កែ និងឆ្មារបស់ខ្ញុំណាស់។ ពួកគេរស់នៅទីនេះដោយគ្មានម្ចាស់មួយរយៈកាលកន្លងទៅនេះ មិនដឹងថាបានអ្វីស៊ីនោះទេ។ គ្រាន់តែឃើញម្ចាស់មកដល់ផ្ទះ ឆ្កែនិងឆ្មារបស់ខ្ញុំបានរត់មកឱបផង យំផងនៅចំពោះមុខយើងដូចជាចង់ប្រាប់ថាគេនឹកណាស់ គេព្រួយណាស់ គេវេទនាណាស់។ ខ្ញុំលុតជង្គង់ទាំងពីរយកដៃត្រកងពីក្រោមទ្រូងរបស់ឆ្កែ និងឆ្មារបស់ខ្ញុំរួចឱបដោយកក្តីស្រឡាញ់និងនឹករលឹក។ ទឹកភ្នែករបស់ខ្ញុំបានហូរមកដោយសេចក្តីរំភើបចំពោះការវិលត្រឡប់មកសាជាថ្មីរបស់ក្រុមគ្រួសាររបស់ខ្ញុំ និងគ្រួសារកម្ពុជាទាំងអស់៕ (ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print