ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីទទួលពាក្យបណ្ដឹងពីឪពុកបង្កើត ខណៈដែលកូនប្រុសរមិលគុណរូបនេះដាល់និងទាញកាំបិតបុ័ងតោកាប់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ នៅគ្រាដែលឪពុកស្ដីបន្ទោសរឿងផឹកស៊ី និងសុំលុយម្ដាយយកទៅទិញស្រាផឹក ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាល្ងាចថ្ងៃអាទិត្យ ១២រោច ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះឪពុករងរបួស ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលប៉ុស្តិ៍ឲ្យដឹងថា ជនសង្ស័យដៃដល់ត្រូវជាកូនបង្កើត ឈ្មោះ ស៊ិន ទី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ.ឃុំកើតហេតុ ។ ចំណែកជនរងរបួសត្រូវជាឪពុកបង្កើតឈ្មោះ ឆឹង រិន អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅ ភូមិ.ភូមិ.ឃុំជាមួយគ្នា រងរបួស(រងកណ្ដាប់ដៃ និងរយះខ្នងហូរឈាម)។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ឲ្យដឹងបន្ថែមទៀតថា យោងការលើកហេតុផលពីឪពុករងរបួស(ឆឹង រិន)មុនកើតហេតុ កូនប្រុសរមិលគុណរូបនេះ នាំមិត្តភក្តិផឹកស៊ីតាំងពីព្រឹក រហូតជិតដល់ល្ងាច លុះមិត្តភក្តិត្រឡប់ទៅផ្ទះនៅឯខេត្តបាត់ដំបងបាត់អស់ កូនប្រុសរូបនេះបែរជារករឿងអ្នកផ្ទះ និងគំរាមសម្លាប់ គ្រានោះខ្លួន(ឪពុក)បានណែនាំអប់រំប៉ន្តែមមិនស្ដាប់ទេ ខ្លួន(ឪពុក)ក៍ដើរទៅដេញគោមកផ្ទះ ក៍ឃើញកូនរមិលគុណ(ស៊ិន ទី)សុំលុយម្ដាយ គាត់ក៍និយាយណែនាំបន្ថែម និងថាម៉ែចាស់ហើយទៅរកលុយឯណាយកមកឲ្យឯង ស្រាប់តែកូននោះហក់មកដាល់គាត់ត្រូវជាច្រើនដៃ ថែមទាំងទាញកាំបិតបុ័ងតោមកកាប់ ប៉ុន្តែគាត់គេចក៍ត្រូវបញ្ឆិតខ្នង ខ្លួនក៍បានរាយការណ៍ទៅមេភូមិដំ១០០ មេភូមិ(១០០)បានរាយការណ៍ដល់កម្លាំងប៉ុស្ដិ៍នគរបាលត្នោតជុំ មកយកទៅសួរនាំ និងបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន