លោក​ ប៉ែន​ បូណា​៖​ កម្ពុជា ក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត

ចែករំលែក៖

ភ្នំពេញ​៖​ «ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក ប្រទេសថៃដែលកងទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែងតែប្រើវិធីគំរាម និងដាក់សម្ពាធមកលើកម្ពុជាជានិច្ច។

ដំបូងឡើយកងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី បន្ទាប់មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងចុងក្រោយនេះ គេបានគំរាមឈប់នាំប្រេងសាំង និងហ្គាសមកកម្ពុជាក្រោមអំនួតថា កម្ពុជានឹងវេទនាដោយសារពួកគេ។

អាប្បកិរិយាបែបមើលស្រាលកម្ពុជានេះកើតឡើងដោយសារកងទ័ពថៃ និងអ្នកនយោបាយមួយចំនួន រួមទាំងក្រុមជ្រុលនិយមផង លង់លក់ក្នុងអំនួតហើយមិនបានសិក្សាពីកម្ពុជាឱ្យបានច្បាស់ដែលធ្វើឱ្យពួកគេដើរមិនទាន់សភាពការណ៍។

ពួកគេនៅតែដក់ក្នុងអារម្មណ៍ថា កម្ពុជាមានស្ថានភាពដូចកាលពីទសវត្សរ៍៨០នៅឡើយ ដែលរស់ដោយសារខ្យល់ដកដង្ហើមរបស់ថៃ។ ដូច្នេះ បើថៃដាក់សម្ពាធតែបន្តិច កម្ពុជាច្បាស់ជាជួបការលំបាកហើយចុះញ៉មចំពោះពួកគេជាមិនខាន។

ប៉ុន្តែ តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់រហូតដល់ការផ្អាកឈប់នាំប្រេង និងឧស្ម័នទាំងស្រុងពីប្រទេសថៃ យោធា និងរាជរដ្ឋាភិបាលថៃចាប់ផ្តើមភ្លឺភ្នែក។ នៅត្រង់ថា កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធ និងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញមុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងរំភើយថា កម្ពុជាមិនមែនជាអ្នកបង្កហេតុទេ តែអាចកំដរថៃបានគ្រប់ស្នៀត។ ស្ថានភាពនេះកំពុងធ្វើឱ្យថៃខូចប្រយោជន៍យ៉ាងធំ ហើយស្ថិតក្នុងស្ថានភាពទាល់ច្រក និងបាក់មុខ ហើយក៏នឹកចង់វិលថយក្រោយវិញ។

ប៉ុន្តែ ដោយសារតែខ្លួនធ្លាប់តែមានអំនួត ដូច្នេះ ថៃត្រូវរកលេសណាមួយដែលបង្ហាញថា កម្ពុជាសុំចរចាដើម្បីបើកច្រកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញ។ នេះគឺជាហេតុផលដែលនាយករដ្ឋមន្ត្រីថៃទូរស័ព្ទស្ងាត់ៗមកសម្តេចតេជោ ហ៊ុន សែន ហើយព្យាយាមប្រើប្រាស់មនោសញ្ចេតនារាប់អានគ្នាដើម្បីទាក់ទាញឱ្យមានការចរចា។ ប៉ុន្តែ កលល្បិចបែបនេះមិនអាចបន្លំភ្នែកអ្នកនយោបាយជើងចាស់ប្រកបដោយបទពិសោធន៍ជោគជាំដូចសម្តេចតេជោ ហ៊ុន សែន បានឡើយ។

ពេលនេះថៃស្ថិតក្នុងស្ថានភាពជ្រុលក្បាលក្រពើ ចង់ថយក្រោយវិញក៏មិនកើតព្រោះតែអំនួត តែបើបន្តបែបនេះទៅមុខទៀត ការខាតបង់សេដ្ឋកិច្ចកាន់តែធំ ប្រជាពលរដ្ឋកាន់តែមិនសប្បាយចិត្ត ខណៈផ្ទៃក្នុងនយោបាយកាន់តែវ៉ល់។

កម្ពុជាមិនបានបង្កហេតុទេហើយសន្សំតែសុខប៉ុណ្ណោះ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យថៃមើលស្រាលទៀតដែរ។ ផ្ទុយទៅវិញ កម្ពុជាក្នុងសករាជតេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួតប្រសិនបើថៃហ៊ានប្រមាថ»៕

...

ប្រភពព័ត៌មាន​ពី៖​ (លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print