លុះព្រឹកឡើង ឌឹម ដែលជាប្រធានសហករណ៍ និងជាអ្នករាយការណ៍ទៅថ្នាក់លើ ត្រូវអង្គការបណ្ដើរចេញទៅ។ ឪពុករបស់ខ្ញុំកាន់តែអស់ចិត្តថាអាចនៅបន្តទៀត។ ថ្ងៃនោះឪពុករបស់ខ្ញុំអង្គុយសំលៀងកាំបិតបណ្ដើរនឹកគិតបណ្ដើរថា ព្រឹកនេះ ឌឹមព្រឹកស្អែកអាចនឹងដល់វេនគាត់ម្ដង។ ឪពុករបស់ខ្ញុំ តាំងចិត្តថាប្រសិនឮសំឡេងមនុស្សចម្លែកមកហៅ គាត់នឹងមិនឲ្យចូលមកចាប់គាត់បានជាដាច់ខាត។ គាត់ស៊ូស្លាប់នឹងគ្រាប់កាំភ្លើង ក៏មិនឲ្យពួកគេធ្វើទារុណកម្មឡើយ។ យប់នោះគាត់ដេកមិនលក់សោះរហូតជិតភ្លឺ។ បន្ទាប់មកសំឡេងផ្ទុះអាវុធចាប់ផ្ដើមកក្រើកសាជាថ្មីម្ដងទៀតមានស្នូររកាំភ្លើងដៃ កាំភ្លើងម៉ាស៊ីននិងគ្រាប់ផ្លោងចំរុះស្ទើររញ្ជួយដី។ប្រជាជនទាំងអស់ត្រូវបង្ខំឲ្យចាកចេញពីកន្លែងរស់នៅ។ ដំណើរប្រសេចប្រសាចយ៉ាងឥតសណ្ដាប់ធ្នាប់បានគ្របជិតផ្ទៃដងផ្លូវ ដោយមានកងទ័ពខ្មែរក្រហមដើរអម ។
យើងមិនដឹងថា ខ្មែរក្រហមឲ្យយើងធ្វើដំណើរឆ្ពោះទៅកាន់ទីណានោះទេ។ ខ្ញុំស្ពាយបង្វេចមួយ ឪពុករបស់ខ្ញុំរែកកំណាត់បាវដាក់ចានឆ្នាំងម្ខាង និងធុងដាក់អង្ករម្ខាង។ ម្ដាយរបស់ខ្ញុំទូលបាវ ដៃម្ខាងពប្អូនប្រុសរបស់ខ្ញុំ។ ចំណែកឯបងស្រីរបស់ខ្ញុំវិញ កណ្ដៀតកន្ទេលម្ខាង កៅស៊ូតង់ម្ខាង ហើយបងប្រុសរបស់ខ្ញុំទូលបង្វេចខោអាវនិងស្ពាយថង់មួយ។ យើងធ្វើដំណើរផុតពីផ្លូវ លើយើងត្រូវដើរចូលព្រៃកាត់បន្លាចុះទឹកត្រឹមក្បាលជង្គង់ហើយនៅទីបំផុតយើងបានទៅដល់ទីទួលមួយ។ ប្រជាជនទាំងអស់បានឈប់សម្រាកដាក់សម្ពាយដាក់អំរែកចុះ ហើយប្រជាជនទាំងអស់បានបោះតង់ និងចម្អិនអាហារ។
ភ្លៀងវស្សាចេះតែបង្អុរចុះមិនដាច់ការធ្វើដំណើររបស់យើងនៅតាមតែបន្តទៅមុខ។ ដោយយប់ងងឹតពេក បងស្រីរបស់ខ្ញុំក៏វង្វេងមិនដឹងទៅដល់ទីណា។ ឪពុករបស់ខ្ញុំបានស្រែកហៅ និងតាមរកពីរយប់ពីរថ្ងៃ នៅតែមិនឮបងស្រីរបស់ខ្ញុំឆ្លើយតប។ ព្រលឹមស្រាងៗព្រឹកថ្ងៃទីបី យើងស្រាប់តែឃើញបងស្រីរបស់ខ្ញុំកំពុងតែអង្គុយនៅក្រោមតង់របស់គ្រួសារមួយនៅក្បែរនោះ។ ម៉ែសប្បាយចិត្តបន្តិចព្រោះបានជួបបងស្រីមកវិញ។ប្រហែលមួយសប្តាហ៍ អ្នកដំណើរទាំងអស់បានមកដល់ជំរុំជនភៀសខ្លួន ដែលស្ថិតនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនខ្មែរជាច្រើនទៀតបានផ្ញើវាសនានៅក្នុងជំរំស្ថិតនៅទល់ដែនខ្មែរថៃជាច្រើននាក់។ ស្នាមញញឹមបានផុសចេញមកបណ្ដើរៗ ចេញពីទឹកមុខប្រជាជន ទោះបីជាសង្គ្រាមមិនទាន់បានរលត់ផុតយ៉ាងណាក៏ដោយ។ នៅពេលនោះអង្គការសហប្រជាជាតិបានផ្ដល់ឱ្យរួមមាន ទឹក ស្បៀង របស់ប្រើប្រាស់ និងថ្នាំពេទ្យសម្រាប់ការស្នាក់នៅទីនោះ។ អ្នកកាន់បុងក្រហម ត្រូវឈរតម្រង់ជួរទទួលអំណោយមុនអ្នកកាន់បុងពណ៌ស។ ថ្ងៃមួយឪពុករបស់ខ្ញុំត្រូវបានអ្នកគ្រប់គ្រងជំរំនោះណែនាំឲ្យរៀបចំឡើងយន្តហោះទៅកាន់បរទេស ប៉ុន្តែគាត់បដិសេធ។ ឪពុករបស់ខ្ញុំយល់ថា គាត់មិនបានរៀនសូត្រគ្មានចំណេះដឹងជ្រៅជ្រះមិនដឹងជាទៅរកស៊ី ឬធ្វើការអ្វីនៅប្រទេសគេឡើយ។
សង្គ្រាមនៅតែមិនទាន់បញ្ចប់។ រៀងរាល់ពេលរសៀល គ្រាប់ផ្លោងស្ទើរតែគ្រប់ប្រភេទបានជះមកពីទិសខាងជើងដូចជាទឹកភ្លៀង។ពេលនោះ ខ្ញុំកើតកញ្ច្រឹលមិនសូវមានកម្លាំងទេ។ ជួនកាលខ្ញុំរត់ចូលលេណដ្ឋានមិនទាន់ ក៏ក្រាបចុះក្នុងជ្រលងទឹក។ រហូតមកដល់ពេលនេះខ្ញុំ ចាំមិនបានទេថា ឪពុករបស់ខ្ញុំនាំក្រុមគ្រួសារត្រឡប់មកខេត្តបាត់ដំបងវិញតាំងពីពេលណាទេ។ ខ្ញុំគ្រាន់តែចាំបានថា ពេលម៉ោងចេញលេង ខ្ញុំបានរត់មកផ្ទះហូបបាយកកលាយទឹកត្នោតពីព្រោះសាលារៀនរបស់ខ្ញុំនៅជាប់នឹងរបងផ្ទះ។ ជាញឹកញាប់ខ្ញុំឃើញម៉ែសម្រក់ទឹកភ្នែករាល់ពេលដែល គាត់ទទូចសុំឱ្យឪពុករបស់ខ្ញុំជូនត្រឡប់ទៅស្រុកកំណើត។ ម៉ែរបស់ខ្ញុំធ្ងន់ត្រចៀកស្ដាប់ពុំសូវឮតាំងពីកំណើតរបស់ខ្ញុំម្ល៉េះ ព្រោះតែសំឡេងយន្តហោះ និងសំឡេងទម្លាក់គ្រាប់បែកខ្លាំងពេក។ បន្ទាប់មកឪពុករបស់ខ្ញុំបានសម្រេចចិត្តធ្វើតាមពាក្យទទូចសុំទៅស្រុកកំណើតរបស់ម៉ែ។
រទេះគោមួយអាចទុកមនុស្សបានមួយគ្រួសារល្មម។ នៅពេលដែលយើងមកដល់ភូមិមួយយើងបានឈប់រទេះបន្តិច ហើយមានសាច់ញាតិរបស់យើងជាច្រើនចេញមកទទួលរាក់ទាក់ និងសួរសុខទុក្ខក្រុមគ្រួសាររបស់ខ្ញុំ។ពួកគាត់សុទ្ធតែជាសាច់ញាតិខាងឪពុករបស់ខ្ញុំរួមមានបងជីដូនមួយ ក្មួយៗ និងចៅៗដែលកំពុងតែរស់នៅខេតកំពត។ យើងរីករាយលាយឡំជាមួយនឹងទឹកភ្នែក។
ល្ងាចបន្តិចរទេះរបស់យើងបានមកដល់ភូមិភ្នំកន្លង់ដែលជាកន្លែងទឹកដីកំណើតខាងរបស់ម្ដាយខ្ញុំ។ សំឡេងសើចក្អាកក្អាយផុសចេញឡើងពីក្នុងភូមិភ្នំកន្លង់ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ នៅពេលដែលពួកយើងបានមកដល់ បងប្អូន ក្មួយៗ និងអ្នកភូមិបានមកផ្ដុំគ្នាសួរសុខទុក្ខនិងសំណេះសំណាលជាមួយក្រុមគ្រួសារខ្ញុំរហូតយប់ជ្រៅ។ ម៉ែបានសម្រក់ទឹកភ្នែកក្នុងក្តីរីករាយពេលបានមកជួបជុំបងប្អូនរបស់គាត់។ ប្រហែលជា ២ឆ្នាំតាំងពីកែ្អកខ្មៅបានហើយចេញផុតទៅ ខ្ញុំបានបើកភ្នែកក្រឡេកមើលពិភពលោកនេះសាជាថ្មីម្ដងទៀត។ គ្រប់ពណ៌ទាំងអស់បានរីកស្គុសស្គាយឡើងនៅលើសំលៀកបំពាក់ប្រជាជនខ្មែរគ្រប់រូប មិនមែនមានតែពណ៌ខ្មៅដូចក្នុងរបបខ្មែរក្រហមទេ៕(ចប់ដោយបរិបូរណ៍)
