ភ្នំពេញ ៖ ក្រោយពីធ្វើការប្រកួតរយៈពេល៣ទឹកនាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៦កន្លងទៅ កីឡាករ សៀង ទិតធិ មក ពីក្លិបសម្បត្តិគុនខ្មែរនិងកីឡាករ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានប្ញទ្ធិ ទទួលបានកៅអីវគ្គ៨នាក់ឈានទៅដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៥៤គីឡូ ក្រាម នៅលើសង្វៀនTIFFY ARENA។
ការប្រកួតដ៏ស្វិតស្វាញរវាងកីឡាករ សៀង ទិតធិ នឹងកីឡាករ ផាត សូដា មកពី ក្លិបអេ ភូថង កីឡាទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនតាមរយៈស្នៀតប្រកួត របស់ពួកគេ ។ ក្រោយពីប្រកួតចប់ទឹកតាមការកំណតរបស់របស់គណៈកម្មការរៀបចំការប្រកួតរួចមកកីឡាករ សៀង ទិតធិត្រូវបានលោកអាជ្ញាកណ្តាលលើកដៃឲ្យឈ្នះកីឡាករ ផាត សូដា ដោយពិន្ទុ ។ ដូច្នេះ កីឡាករ សៀង ទិតធិ មានឱកាសឡើងទៅ ប្រកួតវគ្គ៨នាក់បន្តទៀតដើម្បីឈានទៅ ដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែកឯកការប្រកួតរវាងកីឡាករ យ៉ុន ដារ័ត្ន នឹងកីឡាករ ឆន ចាន្នី មកពីក្លិបរស្មី ភូមិគាបខេត្តបន្ទាយមានជ័យត្រូវបានគេ មើលឃើញថា កីឡាករ ឆន ចាន្នីបានចាញ់ ពិន្ទុកីឡាករ យ៉ុន ដារ័ត្ន ដាច់ទាំងកម្លាំង សូហ្វ និងកាយសម្បទា។ ក្រោយចប់ការ ប្រកួតកីឡាករ យ៉ុន ដារ័ត្ន បានទទួល ស្គាល់ថា ឆន ចាន្នី ពិតជាខ្លាំងមែន ពីព្រោះ ឆន ចាន្នី ជាកីឡាករជើងចាស់ ។
ដោយ ឡែកចាន្នី ក៏ទទួលយកការដាក់ពិន្ទុរបស់ចៅក្រមទាំង៥រូបដោយមិនបានតវ៉ាអ្វីដែរ។
ចំពោះវគ្គ៨នាក់ចុងក្រោយឈានចូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលខាងមុខ នេះកីឡាករ សៀង ទិតធិ និងកីឡាករ យ៉ុន ដារ័ត្នទំនងជាត្រូវជួបគ្នាដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រសិនបើរូបមន្ត របស់គណៈកម្មការរៀបចំការប្រកួតមិន បានធ្វើការកែប្រែអ្វីនោះទេ ៕
ដោយ៖ សារីម