ថៃ៖ ប្រទេសថៃ បានបញ្ជាក់ពីការត្រៀមខ្លួនជួបពិភាក្សាជាមួយក្រុមហ៊ុន Google កាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែកក្កដាឆ្នាំ២០២៥ថ្មីៗនេះ ដើម្បីស្នើឲ្យប្តូរខ្សែបន្ទាត់ព្រំដែនឲ្យដូចទៅនឹងផែនទីខ្នាត១:៥០ ០០០ របស់ខ្លួនទើបប្រាសាទតាមាន់ធំ តាមមាន់តូច និងតាក្របី ស្ថិតនៅក្នុងដីរបស់ខ្លួនវិញ។
ប្រតិកម្មរបស់ថៃ កើតឡើងបន្ទាប់ពីពួកគេទំនងក្តៅក្រហាយខ្លាំង ក្រោយឃើញ Google Maps លាតត្រដាងការពិតដែលដៅទីតាំងប្រាសាទទាំងបី នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ដោយដល់ថ្នាក់ថៃចោទ Google ទៀតថា ការដៅបែបនេះ កំពុងបង្កើតព័ស្តុងតាងបំភ្លៃការពិត ធ្វើឲ្យប្រជាជនប្រទេសទាំងពីរ យល់ច្រឡំ។
យ៉ាងណារឿងនេះបានចោទជាសំណួរថាតើ Google ពិតជាប្តូរផែនទីនៅលើកម្មវិធី Maps របស់ខ្លួន តាមសំណើថៃមែនឬទេ?
ចម្លើយគឺថា Google នឹងមិនប្តូរមកប្រើផែនទីខ្នាត១:៥០ ០០០ តាមសំណើរបស់ថៃឡើយ។ នេះគឺដោយសារតែគោលការណ៍របស់ Google Maps ទាក់ទងនឹងការបង្ហាញព្រំដែន។
គោលបំណងរបស់ Google គឺបង្ហាញ «ការពិតនៅលើដី» ឲ្យបានត្រឹមត្រូវនិងរក្សាអព្យាក្រឹតតាមដែលអាចធ្វើទៅបាន។ ម្យ៉ាង Google Maps មិនមានកម្លាំងផ្លូវច្បាប់ទេ ដែលសូម្បីតែកងទ័ពថៃខ្លួនឯងនោះ ក៏បញ្ជាក់ដែរថា ការដៅព្រំដែននៅលើ Google Maps គ្មានទម្ងន់ផ្លូវច្បាប់អ្វីឡើយ។
Google ធ្វើការជាមួយស្ថាប័នផ្តល់ទិន្នន័យផ្សេងៗនិងពិគ្រោះជាមួយស្ថាប័ននានាដូចជា អង្គការសហប្រជាជាតិជាដើម ហើយកំណត់យកស្តង់ដារតាមសន្ធិសញ្ញា ដើម្បីសម្រេចពីរបៀបបង្ហាញព្រំដែន។
ដូច្នេះមានន័យថា ច្បាស់ណាស់ Google ទទួលស្គាល់តែផែនទីខ្នាត ១:២០០ ០០០ ដែលមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ប៉ុណ្ណោះ ហើយមិនទទួលស្គាល់ផែនទីខ្នាត ១:៥០ ០០០របស់ប្រទេសថៃ ដែលផលិតដោយឯកតោភាគីដាច់ខាត៕ដោយ៖តារា
រូបថត៖ Google