ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។
ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា គុណតម្លៃប្រវត្តិសាស្ត្រ ឧត្តមានុវត្តន៍អន្តរជាតិ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខ គតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយមោទនភាពជាតិ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព៕