ខេត្តព្រះសីហនុ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រលប់ថ្ងៃសៅរ៍ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តចល័ត សហការជាមួយស្ថានីយជញ្ជីងអចល័ត ស្ទឹងច្រាល ខេត្តព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កាលពីយប់មិញនេះ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ២ទីតាំង លេីផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖
– ចំណុចគ.មលេខ១៨៧ ក្រុងព្រះសីហនុ ត្រួតពិនិត្យយានយន្តចំនួន០១គ្រឿង មានបិទឡូហ្គោ TH ផ្ទុកទម្ងន់សរុប ៥៥តោន លើសទម្ងន់អនុញ្ញាតចំនួន ១៥តោន
– ចំណុចគ.មលេខ១២៦ ស្រុកកំពង់សីលា ត្រួតពិនិត្យយានយន្តចំនួន០២គ្រឿង មានបិទឡូហ្គោ HC ផ្ទុកទម្ងន់សរុបចន្លោះពី ៥៩តោនដល់៧៦តោន លេីសទម្ងន់អនុញ្ញាតចន្លោះពី១៩តោនដល់៣១តោន
សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៣គ្រឿង ផ្ទុកលើសទម្ងន់ទាំង៣គ្រឿង ចន្លោះពី១៥តោនដល់៣១តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរម្លឹកថាក្រុមការងារត្រួតពិនិត្យយានយន្តចល័តចម្រុះ នៅតែបន្តយុទ្ធនាការឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕ដោយ៖តារា