កងទ័ពថៃចេញលិខិតសុំទោសជុំវិញអ្នកទេសចរថៃវាយតប់លើទាហានកម្ពុជានៅប្រាសាទតាមាន់ធំ

ចែករំលែក៖

ប្រទេសថៃ ៖ បើតាមការចុះផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥ បានឱ្យដឹងថា ៖ មេបញ្ជាការភូមិភាគទី២ថៃ លោក Boonsin Padkhang នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ទាក់ទិននឹងឧប្បត្តិហេតុថ្មីៗ ដែលអ្នកទេសចរថៃវាយទាហានខ្មែរនៅតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្ត Surin គឺ កងទ័ពថៃបានចេញលិខិតសុំទោស ទៅបញ្ជាការយោធាកម្ពុជា ហើយបញ្ហានេះត្រូវបានដោះស្រាយ ដោយមិនមានជម្លោះបន្តទៀតទេ។ ជាមួយគ្នានោះ ភាគីកម្ពុជាក៏ពេញចិត្ត ចំពោះចំណាត់ការផ្លូវច្បាប់ លើជនល្មើសផងដែរ។

សារព័ត៌មានThe Nation បានផ្សាយថា ៖ ក្រោយផ្ទុះអំពើហិង្សាអ្នកទេសចរថៃវាយដំលើទាហានខ្មែរ លោក Boonsinបានអំពាវនាវដល់ភ្ញៀវទេសចរទាំងថៃនិងកម្ពុជា ដែលទៅទស្សនាតំបន់ព្រំដែន ត្រូវមានអាកប្បកិរិយាទទួលខុសត្រូវ ជៀសវាងការបង្ហាញនិមិត្តសញ្ញាមិនសមរម្យ ឬបង្កជម្លោះ ហើយលោកសង្កត់ធ្ងន់ថា រាល់វិវាទនឹងត្រូវដោះស្រាយតាមច្បាប់។ សារព័ត៌មានThe Nation ថា ៖ លោកBoonsinបានធានាថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅមានភាពស្ងប់ស្ងាត់ ដោយការសន្ទនាជាវិជ្ជមានបន្តរវាងកងកម្លាំងថៃ និងកម្ពុជា។

យ៉ាងណា លោកBoonsin បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាការប្រព្រឹត្តដោយសន្តិវិធី ដើម្បីទប់ស្កាត់ឧបទ្ទវហេតុបន្តទៀតនិងព្រមានថា សកម្មភាពមិនសមរម្យ អាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅក្នុងរយៈពេលខាងមុខនេះ គេរំពឹងថានឹងមានភ្ញៀវទេសចរកាន់តែច្រើន ធ្វើដំណើរមកកាន់ប្រាសាទតាមាន់ធំ ដូច្នេះមានសារៈសំខាន់ណាស់ ក្នុងការធានាសុវត្ថិភាពសាធារណៈ។ 

សូមជម្រាបជូនថា នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥ មានករណីភ្ញៀវទេសចរជនជាតិថៃម្នាក់និងអតីតទាហានថៃម្នាក់ទៀត បានវាយដំលើទាហានកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ។ ជនបង្កទាំងពីរនាក់បានដាល់ទាហានខ្មែរពីក្រោយផង និងពីមុខផង រួចរត់គេចខ្លួនចេញពីតំបន់នោះ។ ប៉ុន្តែភ្លាមៗក្រោយមក មន្ត្រីថៃបានតាមប្រមាញ់និងឃាត់ខ្លួនជនបង្កនោះ មកកាត់ទោសតាមផ្លូវច្បាប់ផងដែរ។ 

សូមបញ្ជាក់ថា ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហាក់មិនទាន់ចង់ឲ្យករណីអតីតទាហានព្រៃថៃ ដែលបានវាយកងទ័ពខ្មែរ បញ្ចប់ដោយស្រួលៗនោះទេ គឺប្រមុខការពារជាតិកម្ពុជារូបនេះ បានទាមទារឲ្យមានការសូមទោសជាសាធារណៈ បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ ។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការហួសចិត្ត នឹងករណីជនកំសាកជនជាតិថៃ ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានជាយោធាថៃ ដែលឆ្លៀតចាប់ដៃកងទ័ពខ្មែរ កំពុងឈរជើងនៅប្រាសាទតាមាន់ ហើយបានវាយទៅលើកងទ័ពខ្មែររួចនាំគ្នារត់បាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារយ៉ាងខ្លាំង ។

ប្រមុខការពារជាតិកម្ពុជា បន្តថា ៖ ទោះបីជាបុគ្គលទាំង២នាក់នោះ បានសូមទោសរួចហើយក៏ដោយ ប៉ុន្តែក្នុងលក្ខណៈកំបាំងមុខ ដូចនេះ អំពាវនាវឲ្យពួកគេ ត្រូវធ្វើការសូមទោសជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានការអស់ចិត្ត ហើយករណីនេះ នៅតែបន្តតាមដាន និងមិនឲ្យរួចផុតងាយៗនោះទេ ។ លោកថា ៖ «បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ» ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print