អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​៖​ ក្នុងរយៈពេល ៦ខែឆ្នាំនេះ​ ប្រជាពលរដ្ឋបានដាក់​​ពាក្យបណ្តឹងមកកា​ន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ​ចំនួន ៨៤០បណ្តឹង

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក កើ​ត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជា​ការ​ដឹកនាំ​យុ​ទ្ធ​​នា​ការ​ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥​ បានដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាកា​រទាំង ២ ដោយកិច្ចប្រជុំនេះមានការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំនៃ​សាលាជម្រះក្តី និងអង្គការអយ្យ​ការអមសាលាជម្រះក្តី​ទូទាំង​ប្រទេស។

គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាស​ទទួ​ល​ពាក្យ​បណ្តឹងពីប្រជាពល​រដ្ឋទាំងអស់ ដែល​យល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរប​ស់ខ្លួនមានភាពមិនប្រក្រតី។

ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ ប្រជាពលរដ្ឋបានដាក់​​ពាក្យបណ្តឹងមកកា​ន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ​ចំនួន ៨៤០ បណ្តឹង ក្នុងនោះ​ ករណីស្នើសុំជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការមានចំនួន ៣៦៧ ករណី ស្មើនឹង ៤៣​,៦៩% ហើយតុលាការបានដោះស្រាយចប់សព្វគ្រប់បាន ៩៨,៣៧%។

ទន្ទឹមនេះ ករណីស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៤៧៣ ករណី ស្មើនឹង ៥៦,៣១% (តម្កល់ឥតចាត់ការ ៤ ករណី, ម្ចាស់បណ្តឹងដកពាក្យបណ្តឹង ១៦ ករណី ដូច្នេះ នៅសល់ ៤៥៣ ករណី ដែលត្រូវចាត់ការ) ហើយគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ​ ចាត់ការបានចំនួន ៣៩៧ ករណី ស្មើនឹង ៨៣,៩៣%។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print