ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការទាំង ២ ដោយកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទាំងអស់ ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី។
ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ចំនួន ៨៤០ បណ្តឹង ក្នុងនោះ ករណីស្នើសុំជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការមានចំនួន ៣៦៧ ករណី ស្មើនឹង ៤៣,៦៩% ហើយតុលាការបានដោះស្រាយចប់សព្វគ្រប់បាន ៩៨,៣៧%។
ទន្ទឹមនេះ ករណីស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៤៧៣ ករណី ស្មើនឹង ៥៦,៣១% (តម្កល់ឥតចាត់ការ ៤ ករណី, ម្ចាស់បណ្តឹងដកពាក្យបណ្តឹង ១៦ ករណី ដូច្នេះ នៅសល់ ៤៥៣ ករណី ដែលត្រូវចាត់ការ) ហើយគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាត់ការបានចំនួន ៣៩៧ ករណី ស្មើនឹង ៨៣,៩៣%។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕