រដ្ឋមន្ត្រីសុខាភិបាល៖ «យើងទាំងអស់គ្នាជាក្រុមគ្រូពេទ្យ គឺជាកងទ័ពស្ងប់ស្ងាត់ ឈរជើងត្រៀមជានិច្ចនៅជាមួយកងទ័ពយើង»

ចែករំលែក៖

ភ្នំពេញ​៖​ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផែនការយុទ្ធសាស្រ្ត ក្នុងការត្រៀមខ្លួនគាំទ្រផ្នែកសេវាសុខភាព និងសង្គ្រោះបន្ទាន់ នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលកំពុងផ្ទុះអាវុធ​ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ​ នៅឯទីស្តីការក្រសួងសុខាភិបាល។

មុននឹងចាប់ផ្តើមនៃកិច្ចប្រជុំ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍មោទនភាព ចំពោះវីរកងទ័ពនៅសមរភូមិជួរមុខរបស់កម្ពុជា ដែលបានលះបង់គ្រប់យ៉ាងក្នុងការការពារបូរណភាពទឹកដី។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរពេទ្យថ្នាក់ជាតិដែលជាសម្ព័ន្ធមេត្រីភាពជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបចំចាត់ចែងក្រុមគ្រូពេទ្យ សម្ភារ និងបរិក្ខារ រួចជាស្រេច និងបានកំពុងចេញដំណើរឆ្ពោះទៅខេត្តទីតាំងរៀងៗខ្លួន ដើម្បីត្រៀមជួយគាំទ្រ ដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅទីនោះ ករណីជាយថាហេតុណាមួយកើតឡើង។

កិច្ចប្រជុំនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដាក់ចេញនូវចំនុចអាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ដូចខាងក្រោម៖

-មន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច ក្នុងការរៀបចំក្រុមគ្រូពេទ្យ និងសម្ភារបរិក្ខារ សម្រាប់ចេញដំណើរទៅតាមតំបន់ព្រំដែន ដើម្បីត្រៀមជួយគាំទ្របន្ថែមក្នុងករណីចាំបាច់

-រៀបចំវិធីសាស្រ្តឱ្យមានការទំនាក់ទំនងគ្នាជាប់ជានិច្ច ក្នុងគោលបំណងបញ្ជូន និងទទួលព័ត៌មានអំពីស្ថានភាពនៅសមរភូមិជួរមុខបានឆាប់រហ័យ

-ពង្រឹងការយកចិត្តទុកដាក់ចំពោះការឆ្លើយតបបន្ទាន់ ទាំងការជួយសង្រ្គោះបឋម និងការបញ្ជូន

-ពង្រឹងយន្តការគាំពារសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ និងបុគ្គលិកសុខាភិបាលខ្លួនឯងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត

-ពង្រឹងនូវគុណភាពសេវាសង្គ្រោះ និងរក្សាអនាម័យ ទៅតាមស្តង់ដារ ទោះបីស្ថិតក្នុងស្ថានភាពអាសន្ន

-ត្រូវមានយន្តការផ្តល់ព័ត៌មាន និងរបាយការណ៍ច្បាស់លាស់ មកក្រសួងសុខាភិបាល

-នៅតាមឃ្លាំងឱសថកណ្តាល និងខេត្ត ត្រូវពិនិត្យ និងរៀបចំរួចជាស្រេចនូវ សម្ភារ បរិក្ខារ ឱសថ ចាំបាច់ និងសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទៅមូលដ្ឋានសុខាភិបាល និងក្រុមគ្រុពេទ្យនៅតាមតំបន់ព្រំដែន កុំឱ្យមានការខ្វះខាត

-មន្ទីរសុខាភិបាលរាជធានី ខេត្ត ចាត់ចែងរៀបចំក្រុមគ្រូពេទ្យ ដើម្បីត្រៀមផ្លាស់ប្តូរវេន ជាមួយក្រុមគ្រូពេទ្យដែលនៅប្រចាំការតាមតំបន់ព្រំដែន ក្នុងករណីមានតម្រូវការ

-នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុក ទាំងអស់ត្រូវរៀបចំបែងចែកក្រុមគ្រូពេទ្យប្រចាំការនៅកន្លែងរបស់ខ្លួន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាបាននូវការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋជាធម្មតា និងរង់ចាំទទួលជួយសង្រ្គោះ។

ជាចុងបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពជូនទៅដល់វីរកងទ័ពកម្ពុជាដែលឈរជើងនៅសមរភូមិជួរមុខ ជាពិសេសនៅតំបន់ដែលផ្ទុះអាវុធ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជ័យជំនះ គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។ លោកសាស្រ្តាចារ្យ ផ្តាំផ្ញើការសួខសុខទុក្ខ និងជូនពរដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅតាមតំបន់ព្រំដែន និងក្រុមគ្រូពេទ្យចេញដំណើរជួយគាំទ្របន្ថែម ជួបតែសុខសុវត្ថិភាពទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក​ លោកស្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print