ប្រទេសថៃ៖ យោងតាមសារព័ត៌មាន Khaosod នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះផ្សាយថា ថៃបានចេញការព្រមានអំពីអាកាសធាតុទូទាំងប្រទេស ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកខេត្តចំនួន ២៤ ពិសេសនៅតំបន់ភាគខាងជើង ឦសាន កណ្តាល និងភាគខាងកើត ដោយទីក្រុងបាងកកស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត។
យោងតាមរបាយការណ៍របស់នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករថារយៈពេល ២៤ ម៉ោង ខ្យល់មូសុងនិរតីដ៏ខ្លាំងមួយកំពុងបក់កាត់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ។ ទន្ទឹមនឹងនេះ ខ្យល់មូសុងកំពុងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ភាគខាងជើងឡាវ និងភាគខាងជើងប្រទេសវៀតណាម ដែលបណ្តាលឱ្យមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសថៃ។
TMD ក៏កំពុងតាមដានការកកើតនៃព្យុះថ្មីចំនួនបីក្នុងតំបន់ផងដែរ បើទោះបីជាមិនទាន់មានការរំពឹងទុកថានឹងចូលមកក្នុងប្រទេសថៃឆាប់ៗក៏ដោយ។
ខេត្តដែលមានហានិភ័យរួមមានខេត្ត Mae Hong Son, Chiang Mai, Tak, Kanchanaburi និងខេត្តផ្សេងទៀត។ ថៃណែនាំប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ និងទឹកជន់ពីទន្លេ ជាពិសេសនៅតំបន់ទំនាប និងក្បែរភ្នំ។
ទឹកជំនន់ក្នុងខេត្ត Nan ប្រទេសថៃ
តំបន់ឆ្នេរក៏កំពុងប្រឈមនឹងស្ថានភាពសមុទ្រដ៏គ្រោះថ្នាក់ដែរ ដោយសមុទ្រ Andaman ខាងលើ និងឈូងសមុទ្រថៃភាគខាងលើ មានរលកសមុទ្រកម្ពស់ពី ២-៣ ម៉ែត្រ ហើយតំបន់ដែលមានផ្គររន្ទះ អាចនឹងមានរលកខ្ពស់លើសពី ៣ ម៉ែត្រឯណោះ។ TMD ណែនាំនាវាទាំងអស់ឱ្យធ្វើនាវាចរណ៍ដោយប្រុងប្រយ័ត្នបំផុត ហើយព្រមានទូកតូចៗនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យនៅជាប់ច្រាំងមួយថ្ងៃទៀតសិន។
នៅតំបន់ភាគខាងជើង និងខាងកើត និង តំបន់ភាគឦសានក៏កំពុងប្រឈមនឹងព្យុះផ្គររន្ទះផងដែរ ខណៈខេត្ត Chiang Rai, Sukhothai, Mukdahan និង Nakhon Sawan នឹងមានភ្លៀងធ្លាក់ខ្លាំង។ ចំណែកភាគខាងត្បូងនឹងមានភ្លៀងធ្លាក់រាយប៉ាយ ជាពិសេសនៅតាមឆ្នេរសមុទ្រនៃខេត្ត Prachuap Khiri Khan, Ranong និង Phang Nga។
គួរបញ្ជាក់ថាខេត្តថៃមួយចំនួនទើបតែរងគ្រោះហើយពីខ្យល់បក់ខ្លាំងនិងទឹកជំនន់ ដោយសារឥទ្ធិពលព្យុះវីពផា ដូចជាខេត្ត Nan ជាដើមកំពុងបញ្ជាជម្លៀសពលរដ្ឋចេញជាបន្ទាន់ ខណៈទឹកជំនន់ឡើងដល់កម្រិតធ្ងន់ធ្ងរបំផុត៕ដោយ៖តារា
(រូបថត៖ Nation)