ខេត្តថៃចំនួន ២៤ កំពុងប្រឈមភ្លៀង​ធ្លាក់​ខ្លាំង ខណៈព្យុះថ្មីចំនួន៣នឹងមកដល់

ចែករំលែក៖

ប្រទេស​ថៃ​៖​ យោងតាមសារព័ត៌មាន ​Khaosod នៅថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានចុះផ្សាយថា​ ថៃបានចេញការព្រមានអំពីអាកាសធាតុទូទាំងប្រទេស ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកខេត្តចំនួន ២៤ ពិសេសនៅតំបន់ភាគខាងជើង ឦសាន កណ្តាល និងភាគខាងកើត ដោយទីក្រុងបាងកក​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករថារយៈពេល ២៤ ម៉ោង ខ្យល់មូសុងនិរតីដ៏ខ្លាំងមួយកំពុងបក់កាត់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ។ ទន្ទឹមនឹងនេះ ខ្យល់មូសុងកំពុងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ភាគខាងជើងឡាវ និងភាគខាងជើងប្រទេសវៀតណាម ដែលបណ្តាលឱ្យមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសថៃ។

TMD ​ក៏​កំពុង​តាម​ដាន​ការ​កកើត​នៃ​ព្យុះ​ថ្មី​ចំនួន​បី​ក្នុង​តំបន់ផង​ដែរ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​រំពឹង​ទុក​ថា​នឹង​ចូល​មក​ក្នុង​ប្រទេស​ថៃ​ឆាប់ៗក៏​ដោយ។
ខេត្ត​ដែល​មាន​ហានិភ័យ​រួម​មានខេត្ត Mae Hong Son, Chiang Mai, Tak, Kanchanaburi និង​ខេត្ត​ផ្សេង​ទៀត។ ថៃណែនាំប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ និងទឹកជន់ពីទន្លេ ជាពិសេសនៅតំបន់ទំនាប និងក្បែរភ្នំ។

ទឹកជំនន់ក្នុងខេត្ត Nan ប្រទេសថៃ
តំបន់ឆ្នេរក៏កំពុងប្រឈមនឹងស្ថានភាពសមុទ្រដ៏គ្រោះថ្នាក់ដែរ ដោយសមុទ្រ Andaman ខាងលើ និងឈូងសមុទ្រថៃភាគខាងលើ មានរលកសមុទ្រកម្ពស់ពី ២-៣ ម៉ែត្រ ហើយតំបន់ដែលមានផ្គររន្ទះ អាចនឹងមានរលកខ្ពស់លើសពី ៣ ម៉ែត្រឯណោះ។ TMD ណែនាំនាវាទាំងអស់ឱ្យធ្វើនាវាចរណ៍ដោយប្រុងប្រយ័ត្នបំផុត ហើយព្រមានទូកតូចៗនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យនៅជាប់ច្រាំងមួយថ្ងៃទៀតសិន។

នៅតំបន់ភាគខាងជើង និងខាងកើត និង តំបន់ភាគឦសានក៏កំពុងប្រឈមនឹងព្យុះផ្គររន្ទះផងដែរ ខណៈខេត្ត Chiang Rai, Sukhothai, Mukdahan និង Nakhon Sawan នឹងមានភ្លៀងធ្លាក់ខ្លាំង។ ចំណែកភាគខាងត្បូងនឹងមានភ្លៀងធ្លាក់រាយប៉ាយ ជាពិសេសនៅតាមឆ្នេរសមុទ្រនៃខេត្ត Prachuap Khiri Khan, Ranong និង Phang Nga។

គួរបញ្ជាក់ថាខេត្តថៃមួយចំនួនទើបតែរងគ្រោះហើយពីខ្យល់បក់ខ្លាំងនិងទឹកជំនន់ ដោយសារឥទ្ធិពលព្យុះវីពផា ដូចជាខេត្ត Nan ជាដើមកំពុងបញ្ជាជម្លៀសពលរដ្ឋចេញជាបន្ទាន់ ខណៈទឹកជំនន់ឡើងដល់កម្រិតធ្ងន់ធ្ងរបំផុត៕ដោយ​៖តារា​

...

(រូបថត៖ Nation)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print