តើដ្រូនអត្តឃាត ឬ Kamikaze Drone របស់ថៃមានសមត្ថភាពកម្រិតណា ?

ចែករំលែក៖

ប្រទេសថៃ ៖ ថៃបានប្រើប្រាស់ដ្រូនអត្តឃាត (Kamikaze Drone) ក្នុងការរំលោភបំពានលើអធិបតេយ្យភាពកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ តើដ្រូនអត្តឃាតដែលភាគីថៃប្រើប្រាស់នេះ មានសមត្ថភាពកម្រិតណា?

កងទ័ពអាកាសថៃ (Royal Thai Air Force – RTAF) កាលពីថ្ងៃទី៦ ខែកក្កដា បានប្រកាសពីភាពជោគជ័យនៃការអភិវឌ្ឍ និងសាកល្បងដ្រូនអត្តឃាត (Kamikaze Drone) ដែលជាអាវុធគ្មានមនុស្សបើក បង្កើតឡើងក្នុងគោលដៅវាយប្រហារលើគោលដៅយោធាច្បាស់លាស់។

យោងតាមសេចក្តីថ្លែងការណ៍របស់ RTAF ដ្រូនអត្តឃាតនេះត្រូវបានអភិវឌ្ឍដោយក្រុមវិស្វករថៃ ក្រោមការគ្រប់គ្រងរបស់សាលាយោធាអាកាស Navaminda Kasatriyadhiraj Royal Air Force Academy និងនាយកដ្ឋានអាវុធនៃ RTAF រួមជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាស និងអវកាស។

ការសាកល្បងនៅចុងខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញថា ដ្រូននេះកំណត់ភាពជាក់លាក់ខ្ពស់ ជាមួយនឹងកំហុសគោលដៅតិចជាង ៥ ម៉ែត្រ។

ថៃបានប្រើប្រាស់ដ្រូនទាំងនេះ រួមជាមួយយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារលើគោលដៅយោធាកម្ពុជា នៅតាមតំបន់ព្រំដែនជាប់នឹងប្រាសាទតាមាន់ធំ និងតំបន់ផ្សេងទៀត។ ថ្លែងក្នុងសន្និសីទនៅព្រឹកថ្ងៃទី២៨ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ៖«ភាគីបង្កជម្លោះថៃ បានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ដ្រូនអត្តឃាត គ្រាប់រ៉ូកែត និងមានការប្រើយន្តហោះបាញ់ផ្សែងពុល មកលើតំបន់ការពាររបស់កម្ពុជាបន្ថែមទៀត»។

ការអភិវឌ្ឍដ្រូនអត្តឃាតរបស់ថៃ ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពការពារជាតិដោយខ្លួនឯង ដើម្បីកាត់បន្ថយការពឹងផ្អែកលើបរទេស។ ទោះជាយ៉ាងណា ការប្រើប្រាស់អាវុធនេះនៅក្នុងជម្លោះជាមួយកម្ពុជា បានបង្កើនភាពតានតឹងនៅក្នុងតំបន់អាស៊ាន និងធ្វើឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពនៃការប្រណាំងសព្វាវុធនៅអាស៊ីអាគ្នេយ៍។

អ្នកវិភាគយោធាបានព្រមានថា ការបន្តជម្លោះនេះអាចនាំឱ្យមានការប៉ះទង្គិចទ្រង់ទ្រាយធំជាងមុន ប្រសិនបើភាគីទាំងពីរមិនអាចសម្រេចបាននូវការចរចាដោយសន្តិវិធី។ សហគមន៍អន្តរជាតិ រួមទាំងអាម៉េរិក និងអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ និងការដោះស្រាយបញ្ហាតាមរយៈការទូត៕

...

ប្រភព ៖ (Thmey Thmey)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print