ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានរំលេចពីចំណុចខ្លាំងរបស់កម្ពុជា និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តរក្សានូវចំណុចខ្លាំងទាំងនេះ៖
ទី១-កម្ពុជាមានថ្នាក់ដឹកនាំ ដែលមានបទពិសោធន៍ មានភាពវាងវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយទាំងផ្នែកយោធា នយោបាយនិងការទូត ហើយជាថ្នាក់ដឹកនាំដែលស្រឡាញ់សន្តិភាព និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ
ទី២-កម្ពុជាយើងមានវីរៈកងទ័ព និងវីរៈកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហាន ប្តូរផ្តាច់ការពារសន្តិភាព ការពារបូរណភាពទឹកដី និងការពារមោទនភាពជាតិខ្មែរ
ទី៣-កម្ពុជាមានប្រជាពលរដ្ឋដែលចេះរួមសាមគ្គីគ្នាជាធ្លុងមួយជាពិសេសនៅពេលប្រទេសជាតិប្រឈមនឹងហានិភ័យដោយការឈ្លានពាន ឬការគំរាមកំហែងពីខាងក្រៅ ប្រជាពលរដ្ឋខ្មែរជាអ្នកជាតិនិយម ប៉ុន្តែមិនជ្រុលនិយម
ទី៤-កម្ពុជាមានប្រព័ន្ធដឹកនាំមួយដែលឯកភាព មានវិន័យពោលគឺទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធស្តាប់ការណែនាំ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់
លោក ប៉ែន បូណា បានបញ្ជាក់បន្ថែមថា ចំណុចខ្លាំងទាំងអស់នេះគឺកម្ពុជាយើងបានឆ្លងកាត់រួចហើយនូវវិញ្ញាសានៅក្នុងជម្លោះប្រដាប់អាវុធរយៈពេល៥ថ្ងៃកន្លងមកនេះចាប់ពីថ្ងៃទី២៤ដល់២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបន្ថែមថា ប្រទេសកម្ពុជាយើងគឺជាប្រទេសតូច តែទទួលបានការចាប់អារម្មណ៍ដោយការភ្ញាក់ផ្អើល និងកោតសរសើរពីសហគមន៍អន្តរជាតិដោយសារតែយើងមានកម្លាំងមហាសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងដើរស្របជាមួយសហគមន៍អន្តរជាតិ៕
ដោយ ៖ សិលា