Lucy Guo សហស្ថាបនិកនៃក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត Scale AI និងជាមហាសេដ្ឋីស្ត្រីដែលកសាងទ្រព្យសម្បត្តិដោយខ្លួនឯងក្មេងជាងគេបំផុតរបស់ពិភពលោកបានចំណាយប្រាក់ 29.5 លានដុល្លារអាមេរិកទិញផ្ទះមួយនៅក្នុងសង្កាត់ Hollywood Hills នៃទីក្រុង Los Angelesសហរដ្ឋអាមេរិក ។
Guo អាយុ 30 ឆ្នាំបានទិញផ្ទះដែលទើបសាងសង់ថ្មីទំហំ 13,500 ហ្វីតការ៉េ (1,254 ម៉ែត្រការ៉េ) ក្នុងតម្លៃបញ្ចុះតម្លៃ 31% ពីតម្លៃកាត់លក់ដំបូងចំនួន 43 លានដុល្លារអាមេរិកក្នុងខែមករា ឆ្នាំ 2024 នៅពេលដែលវាត្រូវបានប្រកាសលក់ជាលើកដំបូង។
លំនៅដ្ឋាននេះមានបន្ទប់គេង 5 មានបន្ទប់ទទួលភ្ញៀវកញ្ចក់អាចមើលទេសភាពទីក្រុងដ៏ធំទូលាយ រួមជាមួយនឹងដំបូលខាងក្រៅ អាងហែលទឹកដ៏ស្រស់ស្អាត សួនច្បារដ៏ធំជាមួយធម្មជាតិពណ៌ខៀវបៃង។
Guo បានចូលក្នុងចំណាត់ថ្នាក់មហាសេដ្ឋីក្នុងខែមេសា នៅពេលដែលទស្សនាវដ្តី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់នាងចំនួន 1.3 ពាន់លានដុល្លារអាមេរិក លើសតារាប៉ុប Taylor Swift ជាមហាសេដ្ឋីស្ត្រីដែលរកប្រាក់បានដោយខ្លួនឯងក្មេងជាងគេបំផុតរបស់ពិភពលោក។
Guo ត្រូវបានគេដឹងថាជាអ្នកវិនិយោគដែលមានជំនាញ ហើយនាងបាននិយាយថាការវិនិយោគលើអចលនទ្រព្យប្រហែលជាវិធីល្អបំផុតសម្រាប់មនុស្សក្នុងការរកប្រាក់បាន 1 លានដុល្លារដំបូងរបស់ពួកគេ។
ការទិញចុងក្រោយបំផុតនេះបានបន្ថែមទៅលើផលប័ត្រដែលកំពុងកើនឡើងរបស់ Guo ដែលរួមមានផ្ទះប្រណីតចំនួនពីរដែលមានតម្លៃសរុបជាង 10 លានដុល្លារ នេះបើយោងតាមការប៉ាន់ស្មានខែមិថុនាដោយគេហទំព័រចុះបញ្ជីអចលនទ្រព្យ Realtor.com ។
អចលនទ្រព្យមួយក្នុងចំនោមទ្រព្យរបស់នាងគឺជាខុនដូដែលមានបន្ទប់គេងបួននៅ Miami រដ្ឋ Florida ដែល Guo បានទិញក្នុងឆ្នាំ 2021 ក្នុងតម្លៃ 6.7 លានដុល្លារ។ យូនីតនេះស្ថិតនៅក្នុងអគារដ៏ប្រណិតដែលបំពាក់ដោយយានដ្ឋានឡានពីរ អាងហែលទឹកបែបរមណីយដ្ឋានក្នុងផ្ទះ កន្លែងហាត់ប្រាណ រោងកុន កន្លែងចុះចតលើដំបូល និងទិដ្ឋភាពដ៏ធំទូលាយនៃឆ្នេរសមុទ្រ និងទីក្រុង។មួយទៀតគឺជាផ្ទះចំការទំនើបផងដែរនៅក្នុងទីក្រុង Los Angeles ដែលត្រូវបានទិញក្នុងឆ្នាំ 2024 ក្នុងតម្លៃ 4.2 លានដុល្លារ។ សាងសង់ក្នុងឆ្នាំ 2018 ផ្ទះដែលមានទំហំប្រហែល 4,700 ហ្វីតការ៉េ រួមមានបន្ទប់គេងប្រាំ បន្ទប់ទឹកប្រាំមួយ អាងហែលទឹកមួយ និងបន្ទប់បញ្ចាំងភាពយន្ត នេះបើយោងតាមទស្សនាវដ្តី Robb Report ។
ក្រៅពីក្រុមហ៊ុន Scale AI មហាសេដ្ឋី Guo បានបើកដំណើរការបណ្តាក់ទុនជាច្រើនមុខផ្សេងទៀត រួមទាំង Passes ដែលជាវេទិកាដែលជួយអ្នកបង្កើតឌីជីថលរកប្រាក់តាមរយៈការជាវ ការផ្សាយបន្តផ្ទាល់ អន្តរកម្មផ្ទាល់ខ្លួន និងមុខរបរហាងអនឡាញ។