ភ្នំពេញ÷ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា គិតត្រឹមម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែនខេត្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។
លោកស្រីឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា កង កម្លាំងកម្ពុជានៅតែបន្តព្យាយាម និងជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពានដែលនាំមកនូវភាពតានតឹង និងរំខានដល់ដំណើរការដោះស្រាយតាមសន្តិវិធីឆ្ពោះទៅស្ថានភាពល្អប្រសើរដូចដែលជាបំណង ប្រាថ្នារបស់កម្ពុជាក្នុងការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យូរអង្វែង។ បន្ថែមពីលើនេះ ក្រោយពីភាគីកម្ពុជាព្យាយាមទាក់ទងទៅភាគីថៃ ដែលប្រចាំការនៅតំបន់អានសេះ បានពិភាក្សានិងចរចាយ៉ាងស្វិតស្វាញជាមួយភាគីថៃ នៅវេលាម៉ោង ៣:១៤ នាទីរសៀល កងកម្លាំងរបស់យើងបានដឹកនាំកម្លាំងចុះរុះរើលួសបន្លាចេញ រហូតដល់ម៉ោង ៥:៣០នាទីល្ងាចថ្ងៃទីន០៥ ខែសីហា ឆ្នាំ២០២៥ លួសបន្លាត្រូវបានរុះរើ និងគ្រឿងចក្រថៃត្រូវបានផ្អាកការធ្វើសកម្មភាព។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ទីតាំងអានសេះគឺស្ថិតក្រោមអធិបតេយ្យកម្ពុជា និងក្រោមការ គ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាបន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធា្រតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងពិតប្រាកដ៕