តុលា​ការឃុំខ្លួនក្រុមញៀនល្បែងស៊ីសង៣នាក់ ក្នុងចំណោម​៦នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោច​ក្រុម​ញៀនល្បែង​ស៊ីសង(អាប៉ោង)ប្រុសស្រីចំនួន០៣នាក់ ក្នុងចំណោម​០៦នាក់ ត្រូវបាន​លោកចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន និងបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច​នៃកងកម្លាំងសាធារណៈនាំខ្លួនជនជាប់ចោទទាំងនេះ ទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ នេះបើតាមការបញ្ជាក់ពី​លោក វរសេនីយ៍ឯក ដោក យេត ស្នងការ​រង​ទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នេះ ។​

លោក វរសេនីយ៍ឯក ឲ្យ​ដឹង​ទៀត​ថា ជនជាប់ចោទ ទី-១ ឈ្មោះ ពិន ទិត្យ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ​ខ្មែរ កម្រិត វប្បធម៌​(រៀនថ្នាក់ទី០៨)មានទីកន្លែងកំណើត ភូមិតាកុយ ឃុំតាក្រចៅ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិបាក់រទេះ សង្កាត់​ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ទី-២ ឈ្មោះ លឹម សុខគង់ ភេទស្រី ៣៩ឆ្នាំ ជនជាតិ​ខ្មែរ កម្រិត​វប្បធម៌​(រៀនថ្នាក់ទី០៤ថ្មី)ទីកន្លែងកំណើត ភូមិកំពង់ក្រសាំងក្រោម ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិកំពង់ក្រសាំងក្រោម ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងទី-៣ ឈ្មោះ សូត្រ ធី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ​ខ្មែរ កម្រិត​វប្បធម៌​(រៀនថ្នាក់ទី០៥ថ្មី)មានទីកន្លែងកំណើត ភូមិជ្រែង ឃុំតាស្នូក ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ជនជាប់ចោទ​ទាំង​ចំនួន​០៣នាក់ត្រូវបានឃុំខ្លួនខាងលើ ពីបទៈ បើកកន្លែងលេងល្បែងស៊ីសង កាន់កាប់​ល្បែង​ស៊ីសង ចាត់​ចែង និងភ្នាក់ងារស៊ីសង ។ ប្រព្រឹត្តនៅ ភូមិកំពង់កំពង់ក្រសាំងក្រោម ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ ពាក់​ព័ន្ធ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាមបញ្ញាតិមាត្រា៥ នៃច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង ។​

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំង​អន្តរាគមន៍​នៃស្នងការដ្ឋាននគរបាលស្រុកកណ្ដៀង ដឹកនាំ​ដោយលោក វរសេនីយ៍ទោ ស៊ិន ដេវីត អធិការ​រង​នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដោយឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងប្រុសស្រីខាងលើចំនួន០៦នាក់ រួមទាំងវត្ថុតាង សម្ភារៈ​មួយចំនួន​ផងដែរ ។​

ដោយឡែក បើយោង​ប្រភព​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​នានា លើកទី-១ហើយ ដែលអនុវត្តច្បាប់ល្បែងស៊ីសង(អាប៉ោង)ដោយឃុំខ្លួន កន្លង​ទៅ​គេឃើញ​តែអប់រំរហូត ដូច្នេះ អ្នកដែល​កំពុង​ប្រព្រឹត្តនានាគួរឈប់ភ្លាម​៕

...

ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print