ខេត្តស្វាយរៀង: លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគបរិភោគ អញ្ជើញចុះសួរសុខទុក្ខលោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដែលជាកងទ័ព ១រូប ក្នុងចំណោម ១៨រូប ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលទ័ពសៀមបានចាប់ទៅ បើគិតមកដល់ពេលនេះគឺមានរយៈពេល ១០ថ្ងៃហើយ ក្នុងនោះមាន អង្ករ ១០០គីឡូ មី ៥កេស ទឹកសុទ្ធ ៤កេស នំ ២កេស ត្រីខកំប៉ុង ៥យួរ និងថវិកាមួយចំនួន ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង។
ឆ្លៀតក្នុងឱកាសនោះ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត ក៏បានលើកទឹកចិត្តដល់ លោកស្រី សឿន សោភា សូមជឿទុក្ខចិត្តលើ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចារជាមួយភាគីថៃ។
លោក អភិបាលក្រុងបន្ថែមទៀតថា រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចារពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពខ្មែរទាំង១៨រូប អាចត្រលប់មកកម្ពុជាជួបជុំគ្រួសារវិញបានឆាប់បំផុត និងប្រកបដោយសុខសុវត្ថិភាព៕