ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចក្រុមញៀនល្បែងស៊ីសង(អាប៉ោង)ប្រុសស្រីចំនួន០៣នាក់ ក្នុងចំណោម០៦នាក់ ត្រូវបានលោកចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន និងបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈនាំខ្លួនជនជាប់ចោទទាំងនេះ ទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ នេះបើតាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក ដោក យេត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ។
លោក វរសេនីយ៍ឯក ឲ្យដឹងទៀតថា ជនជាប់ចោទ ទី-១ ឈ្មោះ ពិន ទិត្យ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ កម្រិត វប្បធម៌(រៀនថ្នាក់ទី០៨)មានទីកន្លែងកំណើត ភូមិតាកុយ ឃុំតាក្រចៅ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ទី-២ ឈ្មោះ លឹម សុខគង់ ភេទស្រី ៣៩ឆ្នាំ ជនជាតិខ្មែរ កម្រិតវប្បធម៌(រៀនថ្នាក់ទី០៤ថ្មី)ទីកន្លែងកំណើត ភូមិកំពង់ក្រសាំងក្រោម ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិកំពង់ក្រសាំងក្រោម ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងទី-៣ ឈ្មោះ សូត្រ ធី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ កម្រិតវប្បធម៌(រៀនថ្នាក់ទី០៥ថ្មី)មានទីកន្លែងកំណើត ភូមិជ្រែង ឃុំតាស្នូក ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ជនជាប់ចោទទាំងចំនួន០៣នាក់ត្រូវបានឃុំខ្លួនខាងលើ ពីបទៈ បើកកន្លែងលេងល្បែងស៊ីសង កាន់កាប់ល្បែងស៊ីសង ចាត់ចែង និងភ្នាក់ងារស៊ីសង ។ ប្រព្រឹត្តនៅ ភូមិកំពង់កំពង់ក្រសាំងក្រោម ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញាតិមាត្រា៥ នៃច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលស្រុកកណ្ដៀង ដឹកនាំដោយលោក វរសេនីយ៍ទោ ស៊ិន ដេវីត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដោយឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងប្រុសស្រីខាងលើចំនួន០៦នាក់ រួមទាំងវត្ថុតាង សម្ភារៈមួយចំនួនផងដែរ ។
ដោយឡែក បើយោងប្រភពព័ត៌មានពីមជ្ឈដ្ឋាននានា លើកទី-១ហើយ ដែលអនុវត្តច្បាប់ល្បែងស៊ីសង(អាប៉ោង)ដោយឃុំខ្លួន កន្លងទៅគេឃើញតែអប់រំរហូត ដូច្នេះ អ្នកដែលកំពុងប្រព្រឹត្តនានាគួរឈប់ភ្លាម៕