ភ្នំពេញ ៖ បុរសម្នាក់ឃើញឱកាសស្ងាត់ លួចចូលហាងគេកំពុងរុះរើ ដុតខ្សែភ្លើង ដើម្បីយកស្ពាន់បង្កើតជាផ្សែងខ្មៅពាសពេញផ្ទៃមេឃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្តោយផ្លូវលេខ ៣១៣ ក្នុងសង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ហាងកាហ្វេខាងលើនេះ ម្ចាស់កំពុងធ្វើការរុះរើអីវ៉ាន់ទំនងដើម្បីផ្លាស់ប្តូរទីតាំង ប៉ុន្តែនៅវេលាកើតហេតុ មិនមានមនុស្សមកជញ្ជូនអីវ៉ាន់ដែលនៅសេសសល់នោះឡើយ ។ ខណៈនោះក៏មានបុរសម្នាក់បានលួចចូលទៅខាងក្នុងហាង ឡើងទៅជាន់ឡៅតឿធ្វើសកម្មភាពដុតខ្សែភ្លើងយកស្ពាន់បង្កើតជាផ្សែងហុយខ្មួលខ្មាញ់ បង្កអោយមានការឆោឡោតែម្តង សំណាងល្អត្រូវបានពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ទាន់ពេលមិនបង្កអោយមានអណ្តាតភ្លើងឆាបឆេះរាលដាលនោះឡើយ ។
បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការខណ្ឌទួលគោកបានប្រគល់បុរសខាងលើ អោយទៅសមត្ថកិច្ច ដើម្បីបន្តនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ