ខេត្ត តាកែវ ៖ នាយកដ្ឋាន នគរបាល អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃ ទី ១៣ ខែសីហា ឆ្នាំ ២០២៥នេះ បានឱ្យដឹងថា ជនជាតិវៀតណាមប្រុសស្រីសរុបចំនួន ៧២នាក់ ត្រូវ បានសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួន ពីបទលួចឆ្លងដែន ,ស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) យកមកសាកសួរ រហូត បញ្ចប់ នីតិវិធី និង បានធ្វើការ បណ្ដេញចេញ តាមនីតិវិធីច្បាប់ ។
ប្រភពដដែលបន្តថា ការបណ្ដេញចេញ ខាងលេីនេះ បានធ្វេីឡេីង កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ពីលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ,លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៧២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន ខេត្តតាកែវ ។
គួរបញ្ជាក់ថា ជនជាតិវៀតណាម ទាំងអស់ នេះ គឺពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា អនុវត្តទោសចប់ (ធ្វើឱ្យខូចខាតដោយចេតនា និងចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់) លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ លួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) និងលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន៕ដោយ ៖តារា