ភ្នំពេញ : ប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុសាសន៍តម្រង់ទិសប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការងារក្រសួងមហាផ្ទៃ។
លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី លើការងារសម្របសម្រួលទទួលដំណើរវិលពីប្រទេសថៃរបស់ពលរដ្ឋខ្មែរ យ៉ាងរលូន និងប្រកបដោយភាពកក់ក្ដៅ ទោះបីជាពួកគាត់មានការខ្វះខាតឯកសារក៏ដោយ។
ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងជំរុញការសម្របសម្រួលផ្ដល់សេវាឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានស្របតាមច្បាប់។ លោកអភិសន្តិបណ្ឌិត ក៏បង្ហាញការលើកទឹកចិត្ត និងគាំទ្រក្រសួងការងារ ដែលបានដាក់ចេញការសម្របសម្រួលជាមួយរោងចក្រ សហគ្រាសទទួលពាក្យចូលបម្រើការងារពីពលរដ្ឋខ្មែរវិលពីប្រទេសថៃដោយពុំតម្រូវយកឯកសារចាំបាច់។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំយន្តការសហការផ្លាស់ប្ដូរព័ត៌មាន បង្ការទប់ស្កាត់បញ្ហាប្រឈម និងដាក់ចេញដំណោះស្រាយឱ្យបានសមស្រប សម្រាប់រយៈពេលតទៅមុខជាយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រងដំណើរចេញនិងចូលរបស់ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមច្បាប់។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរវិលពីប្រទេសថៃជាង៩០ម៉ឺននាក់ហើយ ដោយតួលេខនេះ ត្រូវបានឯកភាពគ្នាកំណត់យ៉ាងជាក់លាក់រវាងស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែន។
បើតាម លោក ហេង សួរ ក្រសួងការងារ បានកំណត់មុខសញ្ញាពលរដ្ឋវិលពីប្រទេសថៃជា៣ក្រុម រួមមាន ទី១-មាន២៥ម៉ឺននាក់ ជាក្រុមមានអាយុលើស៤៥ឆ្នាំ ដែលមានគោលដៅទីផ្សារការងារក្នុងវិស័យកសិកម្ម និងសហគ្រាសតាមមូលដ្ឋាន ទី២-មានប្រមាណ៥ម៉ឺននាក់ជាក្រុមកុមារនៅជាមួយឪពុកម្ដាយនិងត្រូវសម្របសម្រួលជាមួយក្រសួងអប់រំនិងយុវជន និងកីឡា ដើម្បីចូលសិក្សាតាមសាលារៀន និងទី៣-គឺក្រុមពេញកកម្លាំងសម្រាប់ប្រឡូកក្នុងទីផ្សារការងារ និងពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ទៀតថា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងព្រៃវែង ជាខេត្តមានពលរដ្ឋធ្វើការងារនៅប្រទេសថៃច្រើន និងបានវិលមកវិញច្រើនជាងគេ។ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំសម្របសម្រួលឱ្យរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចច្រកទ្វារព្រំដែន រៀបចំទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់លំនៅឋានប្រកបដោយភាពកក់ក្ដៅ រហូតពលរដ្ឋខ្លះហូរទឹកភ្នែកស្ញប់ស្ញែងនឹងការខិតខំរបស់មន្រ្តីគ្រប់ផ្នែក។
បន្ទាប់ពីបានដឹកនាំមន្ត្រីចុះផ្ទាល់ចូលរួមទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋតាមបណ្ដាច្រកទ្វារព្រំដែន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានរំលេចពីសកម្មភាពរួមចំណែកយ៉ាងសកម្ម និងគួរឱ្យកោតសរសើររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្មជាមួយមន្រ្តី និងអាជ្ញាធរ រហូតទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីតំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM និងអង្គការពលកម្មអន្តរជាតិ ILO។
លោករដ្ឋមន្រ្តីបន្តថា ពេលនេះមន្រ្តីក្រសួងការងារ បានចុះផ្សព្វផ្សាយទីផ្សារការងារ និងប្រមូលព័ត៌មានពីពលរដ្ឋ នៅតាមឃុំ សង្កាត់ជាង៤០០ហើយ ក្នុងចំណោមផែនការជាង១០០ពាន់ឃុំ សង្កាត់ ដើម្បីកំណត់គោលដៅសម្របសម្រួលឱ្យតំណាងរោងចក្រសហគ្រាសចុះជួបសម្ភាស បន្ថែមលើការទំនាក់ទំនងតាមលេខទូរសព្ទ១២៩៧ ដែលជាមធ្យមទទួលបានការហៅចូលសម្ភាស ជាង១ពាន់នាក់ ក្នុងមួយថ្ងៃ។
លោកអភិសន្តិបណ្ឌិត បានវាយតម្លៃ និងលើកទឹកចិត្តខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមពីការដាក់ចេញយន្តការថ្មីៗដើម្បីរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលដោយខុសច្បាប់ និងត្រៀមទទួលការផ្ដល់ធាតុចូល និងធ្វើការងារជាមួយក្រសួងការងារបន្ថែមទៀត៕
ដោយ : សិលា