អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់២ចំណុចដែលកំណត់ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ នោះគឺមិនត្រូវចល័តទ័ព និងមិនត្រូវប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលនាំឱ្យមានភាពតានតឹង

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន​ បូណា បានសង្កត់ធ្ងន់ ចំនួន ២ចំណុច ដែលកំណត់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយក្នុងនោះនៅត្រង់ចំណុចទី២ គឺការមិនចល័តកងទ័ព និងចំណុចទី៤ ភាគីទាំងពីរមិនត្រូវប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលនាំឱ្យមានភាពតានតឹងឡើយ។

កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពីតំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ 

   ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានគូសបញ្ជាក់អំពីខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀងថា៖

*ចំណុចទី២ បានចែងថា ភាគីទាំងពីរយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ននៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ មិនត្រូវឱ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាតសំដៅទៅកាន់​ទីតាំងភាគីម្ខាងទៀត។

*ចំណែកឯចំណុចទី៤ បានចែងថា ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំង​ការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាហួសពីព្រំដែនរបស់ខ្លួន។

គួរជម្រាបថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពប៉ារ៉ាថៃនិងតម្រួតថៃ បានចូលរាយលួសបន្លានៅភូមិអូរជ្រៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅទិសទី១ យោធភូមិភាគទី៥។ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលរំលោភបំពាន ជាពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀងទាំង១៣ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំ GBC៕ដោយ÷តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print