ខេត្តបាត់ដំបង ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពក្រោយបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ។
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន៦ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជាដោយមានសមាជិកសរុបចំនួន៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥)។
២- ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ (ភូមិជោគជ័យ) និងច្រកបឹងត្រកួន។
៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)។
ការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
គួរឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យស្ថានភាពតំបន់រងផលប៉ះពាល់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយបេសកកម្មនេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។
ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។
ភាគីកម្ពុជា គឺនៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយធ្វើការជាមួយភាគីថៃ ប្រទេសម៉ាឡេស៉ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
អ្នកនាំពាក្យការពារជាតិ ក៏បានបញ្ជាក់ថា ៖ អ្នកសង្កេតការណ៍អន្តរកាល ទៅដល់យោធភូមិភាគទី៥ ខេត្តបាត់ដំបងហើយ នឹងបន្តទៅច្រកបឹងត្រកួន ក្រោយបាយថ្ងៃត្រង់នេះរួច៕
ដោយ ៖ សិលា