អ្នកនាំពាក្យក្រសួងការពារជាតិ​៖​ អនុព័ន្ធយោធា៧ប្រទេស បានចុះទៅដល់ខេត្តបាត់ដំបងហើយ​ នឹងបន្តចុះទៅច្រកបឹងត្រកួន ,អូបីជាន់ ,អានសេះ ទីដែលថៃរាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋខ្មែរ ដើម្បីពិនិត្យសន្តិសុខជាក់ស្ដែង

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកនាំពាក្យការពារជាតិកម្ពុជា បានថ្លែងនៅម៉ោង១១ព្រឹកថ្ងៃទី១៤ ខែសីហានេះថា៖​ ខណៈនេះ អនុព័ន្ធយោធា៧ប្រទេស បានចុះទៅដល់ខេត្តបាត់ដំបងហើយ។​ តាមការគ្រោងទុក នឹងបន្តទៅទីតាំងសំខាន់ដូចជានៅច្រកបឹងត្រកួន និងបន្តទៅច្រកអូបីជាន់ ច្រកអានសេះ ទីដែលថៃរាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋ ដើម្បីពិនិត្យសន្តិសុខជាក់ស្ដែង។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ​ លោកស្រី​អ្នកនាំពាក្យក្រសួងការពារជាតិ​ បានឱ្យដឹងថា​ សភាពការណ៍នៅព្រះវិហារ-ឧត្ដរមានជ័យ-បន្ទាយមានជ័យស្ងប់ស្ងាត់ គ្មានការផ្ទុះអាវុធឡើយគិតត្រឹមម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា តែកងទ័ពកម្ពុជាប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារទឹកដីឱ្យខានតែបាន។

លោកស្រី​អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ កម្ពុជាបន្តប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុត ដោយឥតងាករេ ក្នុងការគោរពរាល់កិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC និងកិច្ចប្រជុំ ថ្នាក់បណ្តាភូមិភាគ RBC ហើយជាមួយគ្នានេះ កម្ពុជាក៏បន្តអំពាវនាវឲ្យភាគីថៃ គោរពឲ្យបានខ្ជាប់ខ្ជួន នូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពផងដែរ។

សូមជម្រាបថា​ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ នៅថ្ងៃ ១៤ សីហា ២០២៥នេះ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥)
២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន
៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)។

ក្នុងជំនួបលើទឹកដីបាត់ដំបងនេះ លោក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង បានជម្រាបជូនប្រតិភូទាំង៧ប្រទេសអំពីបច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print