សេដ្ឋវិទូថៃបាន​ព្រមានថា​ ថៃអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅត្រីមាសទី៤ចុងឆ្នាំ ជំរុញដោយ​ជម្លោះព្រំដែនជាមួយកម្ពុជា

ចែករំលែក៖

អន្តរជាតិ​៖​ ប្រធាន​សេដ្ឋវិទូ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn លោក Burin Adulwattana ​បាន​ព្រមានថា ​ប្រទេសថៃអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាស​ទី៤ ឆ្នាំ ២០២៥នេះ ​ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃបរិមាណនាំចេញ និងភាពមិនច្បាស់លាស់ជុំវិញភាពតានតឹងនៅតាមព្រំដែន​ជាមួយ​កម្ពុជា។

លោកប្រធាន​សេដ្ឋវិទូ​ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយ​បណ្ដាញទូរទស្សន៍ Thai PBS World បាននិយាយថា វិស័យនាំចេញទំនងជានឹង​ធ្លាក់ចុះនៅឆមាសទី២ នៃឆ្នាំនេះ ដោយសារតែផលប៉ះពាល់ដោយពន្ធគយ ១៩ ភាគរយ របស់សហរដ្ឋអាមេរិក។ ​លោកបាន​ថ្លែងថា៖ «យើងអាចនឹងឃើញវិបត្តិសេដ្ឋកិច្ចនៅក្នុង​ត្រីមាសទី៤ ឆ្នាំនេះ ​​ដោយ​យើងរំពឹងថានឹងឃើញពីការធ្លាក់ចុះអវិជ្ជមាន(នៃសេដ្ឋកិច្ច) ៧,៥ ភាគរយ នៅឆមាសទី២ ទោះបីជាមាន​កំណើននៅ​ឆមាសទី១ ក៏ដោយ​។ ​គួបផ្សំនឹងភាពតានតឹងនៅតាមព្រំដែន សេដ្ឋកិច្ចបានបាត់បង់កត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ៗគឺវិស័យទេសចរណ៍ ដោយសារអ្នកទេសចរចិន និងបរទេសផ្សេងទៀត មិន​មកលេងប្រទេសថៃដូចកាលពីមុន​»។​ អ្នកជំនាញដដែល​បាន​បន្តថា ​ការឡើងថ្លៃនៃប្រាក់បាតថៃនាពេលថ្មីៗ​ កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ ព្រោះវាធ្វើឱ្យទំនិញថៃឡើងថ្លៃនៅបរទេស។​

លោក Burin ​បាន​បន្ថែម​ថា​ ក្រុមហ៊ុន​នាំ​ចេញ​កំពុង​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​២ ​គឺ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក ​និង​ប្រាក់​បាត​ថ្លៃ ដែល​បញ្ហា​ទាំង​ ២ ​នេះ ​កំពុង​​កាត់បន្ថយភាព​ប្រកួតប្រជែងរបស់ថៃ។ ប៉ុន្តែ លោករំពឹងថា នៅពេល​ការប្រកួតប្រជែងធ្លាក់ចុះ ប្រាក់បាតក៏នឹងធ្លាក់ចុះ​ផងដែរ ដោយសារតែឧស្សាហកម្ម​ក្នុងមិនទំណើប​ ប្រជាជនវ័យចាស់ច្រើន​ ហើយ​ប្រាក់ដុល្លារអាច​ឡើងថ្លៃ។ ​

លោក​ក៏លើកឡើងផងដែរថា គោលដៅកំណើនសេដ្ឋកិច្ច​ ៣ ភាគរយ របស់រដ្ឋាភិបាល​ថៃ ​ទំនងនឹង​មិនអាចសម្រេច​បាន​នោះទេ លុះត្រាដោះស្រាយបញ្ហារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យកសិកម្ម និងច្បាប់ ឬបទប្បញ្ញត្តិដែលស្មុគស្មាញ។

អ្នកវិភាគថៃផ្សេងៗទៀត ក៏បាន​មើលឃើញនឹង​រូបភាពដូចគ្នាផងដែរ ដែលអាច​ឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ។ អ្នកវិភាគខ្លះបានចុចចំណុចហានិភ័យខ្លាំងសម្រាប់សេដ្ឋកិច្ចថៃ ដូចជាពន្ធគយអាមេរិក វិបត្តិទេសចរណ៍ បំណុលគ្រួសារខ្ពស់ ការបិទទ្វាររោងចក្រ និងចុងក្រោយ​បំផុត គឺជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបិទ​ស្ទើរតែទាំងស្រុងនូវការនាំចេញតាមរយៈព្រំដែនគោក ដែលមាន​ទំហំទឹកប្រាក់រាប់ពាន់លាន​ដុល្លារក្នុងមួយឆ្នាំៗ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn បាន​ព្យាករថា សេដ្ឋកិច្ចថៃអាច​នឹង​កើនឡើង ១,៥ ភាគរយ នៅឆ្នាំនេះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print