បិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ជីឥដ្ឋ-ថ្មគរ)ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨

ចែករំលែក៖

ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ជីឥដ្ឋ-ថ្មគរ) !

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងអំឡុងពេលនៃការអនុវត្តគម្រោងសាងសង់នេះ កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។

ក្នុងន័យនេះ ដើម្បីឱ្យគម្រោងសាងសង់ស្ពានខាងលើប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការ និង ដឹកជញ្ជូន បានរៀបចំដើម្បីបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន ចេញពីទីតាំងខាងលើ តាមផែនទីបង្ហាញ (ដូច មានភ្ជាប់មកជាមួយ) និងកំណត់ប្រភេទយានយន្តប្រើប្រាស់ផ្លូវដូចខាងក្រោម៖

១. ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦ A។

២. ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២ A។

៣. សម្រាប់ផ្លូវជាតិលេខ ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចរាចរណ៍នៅរក្សាធម្មតា។

អាស្រ័យហេតុនេះ សូមសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យចំពោះការរំខាន និងសូមអនុវត្តការធ្វើដំណើរតាមការណែនាំខាងលើដោយអនុគ្រោះ។

ទទួលបានសេចក្តីជូនដំណឹងនេះ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print