អន្តរជាតិ៖ ប្រធានសេដ្ឋវិទូនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn លោក Burin Adulwattana បានព្រមានថា ប្រទេសថៃអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៥នេះ ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃបរិមាណនាំចេញ និងភាពមិនច្បាស់លាស់ជុំវិញភាពតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា។
លោកប្រធានសេដ្ឋវិទូ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញទូរទស្សន៍ Thai PBS World បាននិយាយថា វិស័យនាំចេញទំនងជានឹងធ្លាក់ចុះនៅឆមាសទី២ នៃឆ្នាំនេះ ដោយសារតែផលប៉ះពាល់ដោយពន្ធគយ ១៩ ភាគរយ របស់សហរដ្ឋអាមេរិក។ លោកបានថ្លែងថា៖ «យើងអាចនឹងឃើញវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ ឆ្នាំនេះ ដោយយើងរំពឹងថានឹងឃើញពីការធ្លាក់ចុះអវិជ្ជមាន(នៃសេដ្ឋកិច្ច) ៧,៥ ភាគរយ នៅឆមាសទី២ ទោះបីជាមានកំណើននៅឆមាសទី១ ក៏ដោយ។ គួបផ្សំនឹងភាពតានតឹងនៅតាមព្រំដែន សេដ្ឋកិច្ចបានបាត់បង់កត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ៗគឺវិស័យទេសចរណ៍ ដោយសារអ្នកទេសចរចិន និងបរទេសផ្សេងទៀត មិនមកលេងប្រទេសថៃដូចកាលពីមុន»។ អ្នកជំនាញដដែលបានបន្តថា ការឡើងថ្លៃនៃប្រាក់បាតថៃនាពេលថ្មីៗ កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ ព្រោះវាធ្វើឱ្យទំនិញថៃឡើងថ្លៃនៅបរទេស។
លោក Burin បានបន្ថែមថា ក្រុមហ៊ុននាំចេញកំពុងរងផលប៉ះពាល់ដោយបញ្ហា២ គឺពន្ធរបស់សហរដ្ឋអាមេរិក និងប្រាក់បាតថ្លៃ ដែលបញ្ហាទាំង ២ នេះ កំពុងកាត់បន្ថយភាពប្រកួតប្រជែងរបស់ថៃ។ ប៉ុន្តែ លោករំពឹងថា នៅពេលការប្រកួតប្រជែងធ្លាក់ចុះ ប្រាក់បាតក៏នឹងធ្លាក់ចុះផងដែរ ដោយសារតែឧស្សាហកម្មក្នុងមិនទំណើប ប្រជាជនវ័យចាស់ច្រើន ហើយប្រាក់ដុល្លារអាចឡើងថ្លៃ។
លោកក៏លើកឡើងផងដែរថា គោលដៅកំណើនសេដ្ឋកិច្ច ៣ ភាគរយ របស់រដ្ឋាភិបាលថៃ ទំនងនឹងមិនអាចសម្រេចបាននោះទេ លុះត្រាដោះស្រាយបញ្ហារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យកសិកម្ម និងច្បាប់ ឬបទប្បញ្ញត្តិដែលស្មុគស្មាញ។
អ្នកវិភាគថៃផ្សេងៗទៀត ក៏បានមើលឃើញនឹងរូបភាពដូចគ្នាផងដែរ ដែលអាចឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ។ អ្នកវិភាគខ្លះបានចុចចំណុចហានិភ័យខ្លាំងសម្រាប់សេដ្ឋកិច្ចថៃ ដូចជាពន្ធគយអាមេរិក វិបត្តិទេសចរណ៍ បំណុលគ្រួសារខ្ពស់ ការបិទទ្វាររោងចក្រ និងចុងក្រោយបំផុត គឺជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបិទស្ទើរតែទាំងស្រុងនូវការនាំចេញតាមរយៈព្រំដែនគោក ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានព្យាករថា សេដ្ឋកិច្ចថៃអាចនឹងកើនឡើង ១,៥ ភាគរយ នៅឆ្នាំនេះ៕