ភ្នំពេញ ៖ ថ្មីៗនេះ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធបានជ្រើសរើសមន្ត្រីវិជ្ជាជីវៈបច្ចេកទេសសុខាភិបាល ដែលជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដើម្បីបម្រើការងារនៅតាមមណ្ឌលសុខភាពទូទាំងប្រទេស តាមរយៈការប្រឡងប្រជែងផ្អែកលើនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ទន្ទឹមនឹងការជ្រើសរើសមន្ត្រីក្នុងបរិបទថ្មី ជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ លោក យក់ ប៊ុនណា បានរំលេចក្នុងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធនឹងការរៀបចំគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងគ្រប់គ្រងនៅអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា “ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាការកែទម្រង់ដ៏ធំមួយ លើការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។”
លោករដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ លើកឡើងបែបនេះ ដោយចង់បង្ហាញក្រុមការងារពីសារៈសំខាន់នៃការងារប្រចាំថ្ងៃ និងការងារការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈក្រោមការងារដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន និងកំពុងដឹកនាំធ្វើប្រកបដោយភាពប្រទាក់ក្រឡាគ្នាពីមួយទៅមួយ និងជាពិសេសការឆាប់សម្រេចបានសមិទ្ធផលដែលចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមជម្រាបថា ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឬដែលហៅថា «ប្រព័ន្ធនិយោជន៍» ជាការបំពេញការងារបន្ថែមពីលើប្រព័ន្ធបច្ចុប្បន្នដែលមានស្រាប់ហៅថា «ប្រព័ន្ធអាជីព»។ ការរៀបចំនេះ ជាការកែលម្អប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំតម្រូវការ ជាមួយគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ សំដៅជួយលើកកម្ពស់ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមក្នុងប្រព័ន្ធបែបអាជីព រួមមាន បញ្ហាលើសប៉ុន្តែខ្វះមន្ត្រីនៅតាមក្រសួង ស្ថាប័ន, កង្វះមន្ត្រីមានជំនាញពិតប្រាកដឆ្លើយតបនឹងតម្រូវការនៃការងារ, ការអភិវឌ្ឍសមត្ថភាពមន្រ្តី ស្របតាមការវិវត្តនៃសង្គម, ឥរិយាបថ និងផ្នត់គំនិតជាដើម៕
ដោយ ៖ សិលា