ភ្នំពេញ : ក្នុងនាម អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនដល់ បណ្តា អង្គភាពសារព័ត៌មាន និងសាធារណជន ជ្រាបថា៖ អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសហការនិងតាមដានដោយ យកចិត្តទុកដាក់ចំពោះករណីពាក់ព័ន្ធទណ្ឌិតនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានលួចលាក់ប្រើប្រាស់ទូរស័ព្ទ ចល័តក្នុងពន្ធនាគារដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ទៅប្រព្រឹត្តអំពើល្មើសដោយបង្កើតគណនីហ្វេសបុក ឈ្មោះ ចាន់ ពិសិដ្ឋ ដើម្បីលួងលោម បោកបញ្ឆោត និងគំរាមកំហែងដល់នារីជនរងគ្រោះម្នាក់ដោយបញ្ជាឱ្យបំពេញ លក្ខខណ្ឌជាការវេរប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបភាពអាក្រាតកាយជាសាធារណៈ។
សូមបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្នុងចំណាត់ការនីតិវិធីតុលាការ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីនារី រងគ្រោះកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាប់ផ្តើមបើកការ ស៊ើបអង្កេតស្រាវជ្រាវ និងបានពន្លាតសមត្ថកិច្ចស្រាវជ្រាវរហូតដល់ខេត្តស្ទឹងត្រែង ដោយសហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង រហូតកំណត់បាននូវអត្តសញ្ញាណបុគ្គលដែលជាជនសង្ស័យ និងបក្ខពួកជាបឋមចំនួន ៧រូប ដែលក្នុងនោះ ៣រូបជាជនជាប់ឃុំក្នុងពន្ធនាគារ និង១រូបទៀតជាមន្ត្រីពន្ធនាគារ។ បច្ចុប្បន្នមន្ត្រីពន្ធនាគារ ១រូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តយកទៅធ្វើការសួរនាំបន្ថែមនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគ្រប់បណ្តាអង្គភាពសារព័ត៌មាន និងសាធារណជនជ្រាបជា ព័ត៌មាន និងបន្តរងចាំលទ្ធផលពាក់ព័ន្ធនឹងករណីនេះបន្ថែមទៀត សូមអរគុណ៕
ដោយ : សិលា