ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ៤នាក់ ដែលបានបង្កភាពវឹកវរ និងធ្វើសកម្មភាពហិង្សាដោយចេតនា។ ក្រុមនេះត្រូវបានស្គាល់ថាជា “ក្រុម WT” និង “ក្រុមអេលាន”។ ប្រតិបត្តិការនេះបានធ្វើ ឡើងនៅថ្ងៃទី៧ ខែកញ្ញា ២០២៥ នៅស្ថានីយ៍ប្រេង PTT ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ការបង្ក្រាបនេះធ្វើឡើងដោយផ្ទាល់តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ។
យោងតាមលោកអធិការបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់មានឈ្មោះ អាន សុវៃ ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ អេង រ័ត្នធី ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ ហេង វិទូ ភេទប្រុស អាយុ១៧ឆ្នាំនិងឈ្មោះ ដា សុឌិន ភេទ ប្រុស អាយុ២២ឆ្នាំ) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ២គ្រឿងដែលពួកគេប្រើប្រាស់សម្រាប់ធ្វើសកម្មភាព។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ត្រូវបានបញ្ជូនទៅកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕