ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងវាលស្រែក្រោយភូមិបង្កឱ្យមាន ការភ្ញាក់ផ្អើល បន្ទាប់ពីបាត់ពីផ្ទះរយៈពេល៤ថ្ងៃទៅហើយនោះ ។ ការប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០ព្រឹកថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចវាលស្រែខាងលិចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថា បុរសដែលដេកស្លាប់នៅវាលស្រែនោះ ឈ្មោះ សួស ផាត អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកសំរោងទងបន្តថា នៅមុនពេលប្រទះឃើញសពជនរងគ្រោះ គឺមានប្រជាពលរដ្ឋម្នាក់បានដើរទៅមើលទឹកស្រែ។ ពេលដើរនៅលើភ្លឺស្រែក៏ស្រាប់តែបានប្រទះឃើញសាកសពឈ្មោះសួស ផាត ដេកស្លាប់ផ្កាប់មុខក្នុងស្រែ ខាងលិចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ចម្ងាយប្រមាណ២០០ម៉ែត្រ។
មន្ត្រីបន្តថា បើយោងតាមការបំភ្លឺរបស់ប្រពន្ធសពជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ប្ដីរបស់គាត់(សព) បានដើរចេញពីផ្ទះ មិនឃើញត្រឡប់មកវិញសោះ។ ស្រាប់តែនៅវេលាម៉ោង១០និង២០នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលព័ត៌មានថាប្រជាពលរដ្ឋប្រទះឃើញប្តីគាត់ដេកស្លាប់នៅវាលស្រែបាត់ទៅហើយ ប្តីរបស់គាត់មានជំងីប្រចាំកាយភ្លេចភ្លាំងស្មារតី ។
មន្ត្រីនគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញ កម្លាំងជំនាញផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ បានពិនិត្យទៅលើដងខ្លួនសាក សពពុំមានស្នាកស្នាមអ្វីទេ។ ហើយសាច់ញាតិក្រុមគ្រួសារ ទទួលស្គាល់ថា ប្ដីរបស់ខ្លួនពិតជាស្លាប់ដោយខ្លួនឯងប្រាកដមែន ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកមេភូមិផងដែរ ។ ក្រោយពិនិត្យរួចរាល់សពបុរសខាងលើត្រូវបាននគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕